Admin, 05 November 2026

          បន្ថែមពីលើត្រកូលម៉ូតូថ្មីៗ និងការអាប់ដេតលើម៉ូឌែលដែលមានស្រាប់ ស្តង់របស់ Kawasaki នៅក្នុងពិព័រណ៍ EICMA នឹងមានវត្តមានយានយន្តរ៉ូបូត Corleo ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំង។​ ក្រុមហ៊ុន Kawasaki នឹងដាក់បង្ហាញយានយន្តរ៉ូបូតនូវគំរូទំហំពិត (full-scale mock-up) នៃម៉ាស៊ីនរ៉ូបូតជើងបួនមួយនេះ ដែលត្រូវបានគ្រោងទុកសម្រាប់ការផលិតរួចជាស្រេចទៅហើយ។ យានយន្តនេះដើរដោយថាមពលអ៊ីដ្រូសែន (hydrogen-powered)  គឺជាផ្នែកមួយនៃការរុញច្រានអោយកាន់តែទូលំទូលាយរបស់ Kawasaki ក្នុងការលើកកម្ពស់វិស័យបម្លាស់ទីផ្ទាល់ខ្លួន (personal mobility) ក្រៅពីយានយន្តកង់ពីររបស់ខ្លួន។

Corleo ត្រូវបានបូកបញ្ចូលគ្នានូវសមត្ថភាពបើកបរលើផ្លូវលំបាក (off-road) ដែលទទួលបានពីគ្រោងឆ្អឹងរ៉ូបូតជើងបួន ជាមួយនឹងគោលការណ៍អភិវឌ្ឍន៍ដូចគ្នាដែលប្រើប្រាស់ក្នុងនាយកដ្ឋានផលិតម៉ូតូរបស់ Kawasaki។ ដូចទៅនឹងការជិះសេះ ឬជិះម៉ូតូដែរ Corleo គឺជាយានយន្តដែលអ្នកអង្គុយពីលើបាន ហើយអាចបញ្ជាចង្កូតដោយការផ្លាស់ប្តូរទម្ងន់តួខ្លួនរបស់អ្នក។

ទន្ទឹមនឹងយានយន្ត Corleo ទម្រង់ស្តង់ដារ ក្រុមហ៊ុន Kawasaki ក៏នឹងអភិវឌ្ឍប្រព័ន្ធត្រីវិស័យ (navigation system) ជាពិសេសសម្រាប់ម៉ូឌែលនេះផងដែរ ដែលអាចស្គាល់ និងទស្សន៍ទាយអំពី៖

  • អាកាសធាតុ
  • សីតុណ្ហភាព
  • លក្ខខណ្ឌផ្ទៃផ្លូវ
  • និងថែមទាំងវត្តមានរបស់សត្វព្រៃទៀតផង។

សេវាកម្មនេះនឹងមាននៅលើអេក្រង់កុងទ័ររបស់ Corleo ព្រមទាំងតាមរយៈឧបករណ៍ឆ្លាតវៃផ្សេងៗ (smart devices)។

លោក Shigemi Tanaka អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន Kawasaki Motors Europe បានមានប្រសាសន៍ថា៖​«Kawasaki ស្ថិតនៅជួរមុខនៃវិស័យខិតខំប្រឹងប្រែង និងការស្រាវជ្រាវជាច្រើន។ Corleo គឺជាឧទាហរណ៍មួយវាមិនត្រឹមតែជាបទពិសោធន៍បច្ចេកទេស ឧស្សាហកម្ម និងបរិស្ថានដ៏ពិសេសនៅទូទាំងក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានអោយយើងឆ្ពោះទៅរកអនាគតជាមួយការបំឡែងកាបូន – ដែលជាសេរីភាពផ្ទាល់ខ្លួនរបស់យើងតាមរយៈគំនិតច្នៃប្រឌិត Safe Adventure។​ យើងសូមថ្លែងអំណរគុណដល់សហការីរបស់យើងមកពី Kawasaki Motors Italy ដែលបានរៀបចំស្តង់ និងធ្វើឱ្យការដាក់បង្ហាញនៅក្នុងពិព័រណ៍ EICMA នេះអាចកើតឡើងបាន។ យើងសង្ឃឹមថា ទន្ទឹមនឹងការទស្សនាម៉ូឌែលម៉ូតូឆ្នាំ 2027 ថ្មីៗ និងម៉ូឌែលបច្ចុប្បន្នទាំងអស់របស់យើង អ្នកទស្សនានឹងមានភាពចាប់អារម្មណ៍ និងទទួលបានថាមពលពី Corleo ដូចជារូបយើងដែរ»។

គម្រោង Corleo ត្រូវ បានដឹកនាំដោយក្រុមការងារ Safe Adventure Business Development Team របស់ Kawasaki ដែលរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធានក្រុមហ៊ុន Kawasaki Heavy Industries។ ការដាក់លក់ជាផ្លូវការ (full commercialisation) ត្រូវ បានកំណត់គោលដៅសម្រាប់អំឡុងឆ្នាំ 2035 នេះបើយោងតាមក្រុមការងារបៃតង (Team Green​ Kawasaki)។


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors