Admin, 10 March 2026

        កាលពីឆ្នាំ 2023 ក្រុមហ៊ុន CFMoto បានបង្ហើបឱ្យឃើញនូវម៉ូតូស្ព័រថ្មីមួយគូនៅចំពោះមុខ  ទស្សនិកជនក្នុងប្រទេសចិន។ ម៉ូតូទាំងពីរត្រូវបានរុំព័ទ្ធដោយស្រោមបន្លំភ្នែក (camo) ប៉ុន្តែអត្តសញ្ញាណរបស់ពួកវាគឺច្បាស់ណាស់៖ មួយជាម៉ូដែល 675SR (ម៉ាស៊ីន 3 ស៊ីឡាំង) និងមួយទៀតជា 500SR (ម៉ាស៊ីន 4 ស៊ីឡាំង)។

ម៉ូដែល 675SR បានឈានជើងចូលខ្សែសង្វាក់ផលិតកម្មយ៉ាងលឿន ប៉ុន្តែម៉ូដែល 500SR បែរជាធ្វើដំណើរតាមផ្លូវវាងឆ្ងាយបន្តិច។ ម៉ូតូគំរូដើមដែលមានរាងទំនើប បានបាត់មុខ ពីសាធារណជនបន្ទាប់ពីការបង្ហាញខ្លួនក្នុងឆ្នាំ 2023ហើយត្រូវបានជំនួសមកវិញដោយម៉ូដែល 500SR Voom ដែលបានដាក់សម្ពោធក្នុងឆ្នាំ 2024។ ខុសពីម៉ូតូគំរូ ម៉ូដែល 500SR Voom មានរចនាបថបែប Neo-retro (ទំនើបលាយបុរាណ) ដ៏ទាក់ទាញ ដោយមានរន្ធខ្យល់រាង មូលនៅផ្នែកខាងមុខ អមដោយភ្លើង LED ដែលរំលឹកដល់ចង្កៀងមុខរបស់ម៉ូតូស្ព័របុរាណ ក្នុងទសវត្សរ៍ឆ្នាំ 80 និង 90។

The existing 500SR Voom features neo-retro styling.CFMoto


ដូច្នេះ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលឃើញ CFMoto រំលឹកឡើងវិញនូវគំនិតនៃម៉ូដែល 500SR "ស្តង់ដារ" ដែលប្រើប្រាស់គ្រោងឆ្អឹង និងម៉ាស៊ីនដូចគ្នា ប៉ុន្តែមានរូបរាងស៊ីគ្នាទៅ នឹងស្រឡាយ ម៉ូតូស្ព័រដ៏ទៃទៀតរបស់ក្រុមហ៊ុន។ ស្រឡាយម៉ូតូស្ព័ររបស់ CFMoto ចាប់ផ្តើមពី 250SR/​300SR (ស៊ីឡាំងទោល), 450SR (ស៊ីឡាំងឌុប), 675SR-R (3ស៊ីឡាំង), 750SR-S (4ស៊ីឡាំង) និងឈានទៅដល់កំពូលគឺ 1000SR-RR (ម៉ាស៊ីន V-four) នាពេលអនាគត។


ការរចនា និងលក្ខណៈសម្បត្តិ

ម៉ូដែល 500SR ថ្មីនេះមាន "មុខមាត់" ដូចគ្នាទៅនឹង 675SR-R និង 750SR-S ដែរ ដោយមាន ភ្លើង LED បំភ្លឺពេលថ្ងៃរាងដូចសញ្ញា "ធិក" (checkmark) នៅពីលើចង្កៀងមុខ និងកញ្ចក់មើល ក្រោយដែលមានភ្លើងស៊ីញ៉ូជាប់ជាមួយ។បន្ទះតួខ្លួនចំហៀងមានរន្ធបញ្ជូនខ្យល់ដើម្បីជួយឱ្យលំហូរខ្យល់រត់បានល្អ ខណៈដែលធុងសាំង និងកៅអីគឺដើរតាមរចនាបថគ្រួសារតែមួយ។

នៅពីក្រោមសំបកខាងក្រៅ ម៉ូតូនេះមានគ្រឿងបង្គុំស្ទើរតែដូចគ្នាទៅនឹងម៉ូដែល Voom ដែរ៖

  • ម៉ាស៊ីន: 4 ស៊ីឡាំង ចំណុះ 499 ស៊ីស៊ី ផលិតកម្លាំងបាន 78 សេះ នៅកម្រិត 12,500 ជុំក្នុងមួយនាទី និងកម្លាំងបង្វិល 48 Nm នៅកម្រិត 10,000 ជុំក្នុងមួយនាទី។
  • ប្រអប់លេខ: 6 វគ្គ ជាមួយស្បែកអំប្រ៊ីយ៉ាប្រភេទ Slipper clutch និងមានបំពាក់ប្រព័ន្ធ Quick shifter (សម្រាប់តែការឡើងលេខ)។
  • ប្រព័ន្ធព្យួរ (បូម): សមបញ្ច្រាស (upside-down) ទំហំ 41 មីលីម៉ែត្រ ដែលអាចលៃតម្រូវបាន និងបូមទោល (monoshock) នៅខាងក្រោយ។
  • បំពង់ផ្សែង: បំពង់ផ្សែងឌុបនៅក្រោមផ្ទៃកៅអី ប៉ុន្តែមានរាងកាត់បញ្ឆិត (slash-cut) ប្លែកពីម៉ូដែលបុរាណ។

The CFMoto 500SR.CFMoto


ទម្ងន់ និងសមត្ថភាព

ឯកសារអនុម័តបានបង្ហាញថា 500SR ថ្មីនេះមានទម្ងន់ស្រាលជាង 500SR Voom ដោយមានទម្ងន់ត្រឹមតែ 187 គីឡូក្រាម ខណៈដែលម៉ូដែល Voom មានទម្ងន់ 194 គីឡូក្រាម ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថាការបញ្ចុះទម្ងន់នេះបានមកពីផ្នែកណានោះទេ ព្រោះគ្រឿងបង្គុំសំខាន់ៗសុទ្ធតែដូចគ្នា។

សម្រាប់ពេលនេះ គេនៅមិនទាន់ច្បាស់ថា តើ 500SR ទាំងពីរប្រភេទនេះនឹងត្រូវនាំចូល ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែរឬទេ ដោយសារបញ្ហាពន្ធនាំចូល។ ប៉ុន្តែនៅក្នុងប្រទេសដែលម៉ូដែលនេះមានលក់ ដូចជាអូស្ត្រាលីជាដើម តម្លៃរបស់វាគឺថោកជាង Kawasaki Ninja ZX-4R ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលប្រាថ្នា ចង់បាន ម៉ូតូម៉ាស៊ីន 4 ស៊ីឡាំងខ្នាតតូច៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors