Admin, 09 November 2026
ម៉ាកយីហោប្រណីត Yangwang របស់ក្រុមហ៊ុន BYD បានសម្ពោធជាផ្លូវការរថយន្ត Altior នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនជាសកល ក្នុងទីក្រុងអាប៊ុយដាប៊ី (Abu Dhabi)។ ក្រុមហ៊ុនBYDបានបើកការទទួលកក់ទុកមុន នៅក្នុងប្រទេសចិន ក្នុងតម្លៃ 2,080,000 យន់ (ប្រហែល 311,540 ដុល្លារអាមេរិក)។ ម៉ូដែលប្រណីតកម្រិតកំពូលមួយនេះ មានលក្ខណៈពិសេសដោយទ្វារក្រោយបើកបញ្ចា្រស់ (coach doors) អាចបើកបានរហូតដល់ 90 អង្សារ, ផ្ទៃខាងក្នុងបំពាក់ 4 កៅអី និងការតុបតែងលម្អិតច្នៃផ្ទាល់ខ្លួនជាច្រើនទាំងខាងក្រៅ និងខាងក្នុង។
Altior គឺជាជម្រើសមួយរបស់ BYD ដើម្បីប្រកួតប្រជែងជាមួយម៉ូដែល ដូចជា Rolls-Royce Ghost, Mercedes-Maybach S-Class និង Maextro S800។ ហើយវាក៏ត្រូវ បានគេស្គាល់ផងដែរតាមរយៈឈ្មោះចិន «Dingyao» ។
ការដាក់បង្ហាញម៉ូឌែលនេះ បើតាមការផ្សព្វផ្សាយមុនរបស់យើងក្រុមហ៊ុន BYD បញ្ចេញរូបភាពនៃរថយន្ត Sedan លំដាប់ខ្ពស់ Yangwang Altior ដើម្បីប្រកួតប្រជែងជាមួយ Rolls-Royce អំពីផែនការបង្ហាញខ្លួនជាលើកដំបូងនៅអាប៊ុយដាប៊ី ដែលបានកំណត់អត្តសញ្ញាណរថយន្ត Sedan មួយនេះ តាមរយៈលេខសម្គាល់អភិវឌ្ឍន៍ HU ក្រុមហ៊ុននិងបានរៀបចំខ្លួន ដាក់បង្ហាញនៅឯអេមីរ៉ាតអារ៉ាប់រួម (UAE)។ Altior គឺជាប្រភេទរថយន្ត Sedan ប្រណីតខ្នាតធំ ទៅក្នុងស្រឡាយផលិតផល ដែលមានរាប់បញ្ចូលរថយន្ត SUV សមត្ថភាពខ្ពស់ និងរថយន្ត Supercar អគ្គិសនីរួចជាស្រេច។
ទ្វារបើកបញ្ច្រាស់ (Coach doors) និងផ្ទៃខាងក្នុងកាប៊ីន 4 កៅអី
Altior មានប៉ាណាខាងមុខធំ បំពាក់នូវធាតុផ្សំបែបគ្រីស្តាល់រចនាបថច្នៃពីត្បូងចំនួន 137គ្រាប់ និងប្រព័ន្ធភ្លើងដែលទទួលបានការបំផុសគំនិត ពីរចនាសម្ព័ន្ធឆ្នាំងបុរាណ Ding របស់ចិន។ ចង្កៀងមុខរបស់វា ត្រូវ បានរចនាជាផ្លូវការជាចង្កៀងគ្រីស្តាល់រាង Ding ច្នៃបែបពេជ្រ រូបរាងខាងក្រៅ ក៏មានលក្ខណៈពិសេសជាមួយពណ៌តួរថយន្តពីរពណ៌ (dual-tone), ជញ្ជាំងកញ្ចក់ C-pillar លាតសន្ធឹងយ៉ាងវែង, យ៉ាន់កង់ប្រភេទដែក (monoblock dish wheels) និងខ្សែបន្ទាត់គូរដោយដៃ (coachline) ប្រវែង 4.8 ម៉ែត្រ តាមបណ្តោយ ឡូហ្គោខាងមុខ ធ្វើអំពីមាសសុទ្ធ 24K។ ទ្វារខាងមុខ អាចបើកបានរហូតដល់ 80 អង្សារ ខណៈដែលទ្វារក្រោយបែបបើកបញ្ច្រាស់ (coach doors) អាចបើកបានរហូតដល់ 90 អង្សារ។ ប្រអប់ដាក់ឆ័ត្រ ត្រូវ បានបង្កប់នៅក្នុងផ្នែកចំហៀងនៃទ្វារ។ កៅអីអ្នកដំណើរជួរទីពីរ ទទួលបានអេក្រង់បត់ព្យួរលើពិដានទំហំ 21.4 អ៊ីញ។ លក្ខណៈពិសេសមួយទៀត គឺទូទឹកកកលើរថយន្តផ្ទុកចំណុះបានទំហំ 5.5 លីត្រចំនួនពីរ ។
កាប៊ីនខាងក្នុង មានអេក្រង់ប្រភេទ Panoramic យ៉ាងទូលាយ លាតសន្ធឹងកាត់តាបឡូខាងមុខ។ សម្រាប់អ្នកដំណើរខាងក្រោយ រចនាសម្ព័ន្ធបញ្ជាកណ្តាល (executive island) រួមបញ្ចូលនូវតុធ្វើការអាចបត់បាន និងប្រអប់ផ្ទុកឥវ៉ាន់ប្រើម៉ូទ័រ ដែលអាចផ្ទុកនូវកែវស្រាសំប៉ាញបាន។កៅអីជួរក្រោយ ប្រភេទ«Zero gravity» ដែលបង្កើតអារម្មណ៍ដូចជិះលើពពក ជាមួយមុខងារម៉ាស្សារមេកានិចបំពាក់មក 4 ជម្រើសស្តង់ដារ, ប្រអប់ទ្រជើង និងវាំងននរក្សារភាពឯកជនដើរដោយប្រព័ន្ធអគ្គិសនី។ កៅអីអ្នកដំណើរខាងមុខ អាចបត់រាបស្មើទាំងស្រុង ដោយគ្រាន់តែចុចប៊ូតុងមួយ សម្រាប់អ្នកដំណើរខាងស្តាំផ្នែកខាងក្រោយ អាចមើលទៅមុខដោយគ្មានការរាំងស្ទះ។សម្ភារៈកាប៊ីនខាងក្នុង រួមមាន៖ ស្បែក Semi-aniline full-grain, ព្រំជើងធ្វើអំពីោមរោមចៀមធម្មជាតិ និងប៊ូតុងចុចបង្វិលបែបគ្រីស្តាល់ច្នៃ 60 ជ្រុង។ ប្រព័ន្ធសំឡេង មាន Speaker ចំនួន 39គ្រាប់ និងត្រូវបានផ្គត់ផ្គង់ដោយ Dynaudio's Platinum Evidence។
លោក Hu Xiaoqing អគ្គនាយកផ្នែកលក់នៃម៉ាក Yangwang បានមានប្រសាសន៍ថា រថយន្ត Sedan មួយនេះ បានស្ថិតក្នុងការអភិវឌ្ឍអស់រយៈពេលបីឆ្នាំមកហើយ។ ការរចនាផ្នែកខាងមុខរបស់វា បានឆ្លងកាត់ការស្នើឡើងលើសពី 100 ស្នាដៃ។
វិមាត្រ និងបច្ចេកវិទ្យា
Altior មានតួខ្លួន៖ បណ្តោយប្រវែង 5,600 មីឡីម៉ែត្រ, ទទឹង 2,030 មីឡីម៉ែត្រ និងកម្ពស់ 1,590 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(Wheelbase) 3,500 មីឡីម៉ែត្រ។ វា មានប្រវែងវែងជាង Rolls-Royce Ghost 201មីឡីម៉ែត្រ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ យានយន្តដ៏ធំសម្បើមមួយនេះ បើកបរលើសំបកកង់ទំហំតូចល្មម 275/45 R21 ម៉ូដែល Continental PremiumContact C យ៉ាន់កង់របស់ Altior ប្រើប្រាស់គម្របកណ្តាលអណ្តែត (floating wheel center caps) ដែលរក្សាទុកឡូហ្គោ Yangwang ឱ្យស្ថិតនៅក្នុងទម្រង់បញ្ឈរជានិច្ច ក្នុងអំឡុងពេលបើកបរ។ សេនស័រ LiDAR ដំឡើងលើដំបូល អាចមើលឃើញយ៉ាងច្បាស់ ហើយរថយន្ត Sedan នេះ ប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ God's Eye ជំនាន់ក្រោយរបស់ BYD។ វាមានប្រព័ន្ធជំនួយការនាំផ្លូវពីចំណុចមួយទៅចំណុចមួយ (NOA) គ្រប់ស្ថានការណ៍ ដែលអាចគ្រប់គ្រងការធ្វើដំណើរពីចំណតមួយទៅចំណតមួយ ក្នុងផ្លូវទីក្រុង និងផ្លូវហាយវេ។
Altior ប្រើប្រាស់គ្រោងតួ របស់ BYD ជាមួយនឹងប្រព័ន្ធបើកបរអគ្គិសនីម៉ូទ័រ 4ដែលអាចបញ្ជាក់ ពីសមត្ថភាពរបស់វា រួមមាន៖ ការរក្សាស្ថិរភាពបន្ទាប់ពីមានការផ្ទុះសំបកកង់ក្នុងការបើកបរល្បឿនលឿន, ការបណ្តែតខ្លួនបន្ទាន់ក្នុងទឹក, ការបត់ជារង្វង់មូលដូចរថក្រោះនៅនឹងកន្លែង (tank turns) និងចលនាដើរដូចក្តាម (crab-walk movement)។ប្រព័ន្ធបូម DiSus ប្រើប្រាស់កាមេរ៉ាមើលផ្ទៃផ្លូវជាមុន ដើម្បីស្វែងរកផ្ទៃផ្លូវមិនស្មើគ្នានៅខាងមុខ វា អាចឆ្លើយតបក្នុងរយៈពេលខ្លីត្រឹមតែភាគដប់នៃវិនាទី (milliseconds) ដើម្បីសម្រួលការរំញ័រ និងទប់ស្កាត់ការប្រែប្រួលរលកតួខ្លួន (pitch and roll)។
រថយន្ត Sedan នេះមានបំពាក់បន្ទះឈីបបើកបរ Xuanji A3 ទំហំ 4nm ផ្ទាល់ខ្លួនរបស់ BYD។ BYD បានប្រកាសដាច់ដោយឡែកពីគ្នា អំពីការកំណត់ទម្រង់បន្ទះឈីបចំនួនបី ដែលលើសពី 2,100 TOPS ប៉ុន្តែវាមិនបានបញ្ជាក់ថា តើសមត្ថភាពគណនាពេញលេញនោះត្រូវយកមកអនុវត្តលើ Altior ដែលឫអត់នោះទេ?។ប្រព័ន្ធថាមពល ប្រើប្រាស់អាគុយ Blade ជំនាន់ទីពីរ ដែលអាចបើកបរចម្ងាយស្តង់ដា CLTC លើសពី 1,000 គីឡូម៉ែត្រ ដែលស្មើនឹងប្រហែល 800–820 គីឡូម៉ែត្រ ក្រោមវដ្តជុំស្តង់ដា WLTP។ ស្ថាបត្យកម្មវ៉ុលខ្ពស់ 1,000V របស់វា អាចសាកភ្លើងល្បឿនលឿនកម្រិតមេហ្គាវ៉ាត់ (megawatt-level flash charging) BYD និយាយថា ប្រព័ន្ធនេះអាចសាកអាគុយពី 10% ទៅ 70% ប្រើរយៈពេលប្រហែល 5 នាទីប៉ុណ្ណោះ។
តម្លៃលក់មុន និងការកំណត់ទីតាំងនៅក្រៅប្រទេស
វាមានតម្លៃ 2,080,000 យន់ (ប្រហែល 311,500 ដុល្លារអាមេរិក) ដែលបានប្រកាស គឺជាស្តង់ដារតម្លៃលក់មុនជាផ្លូវការ។ នេះ គឺជាតម្លៃនៃវគ្គ Shanhe Dingyun Limited Edition ដែលផ្តល់ជូននូវពណ៌ខាងក្រៅស្រោបពណ៌ត្នោត & មាស ពិសេស ផ្គូរផ្គងជាមួយផ្នែកខាងក្នុងពណ៌ត្នោត & ស។ អតិថិជនដែលទិញរថយន្តមួយនេះត្រូវកក់ទុកមុនតម្លៃត្រឹម 300,000 យន់ (ប្រហែល 45,000 ដុល្លារ) ។Yangwang ប្រតិបត្តិការនៅក្នុង UAE តាមរយៈដេប៉ូចែកចាយក្នុងស្រុក Al-Futtaim ប្រទេសអេមីរ៉ាតរួម ក៏បានធ្វើជាម្ចាស់ផ្ទះនៃការធ្វើតេស្តល្បឿន របស់ម៉ាកយីហោមួយនេះផងដែរ។ រថយន្ត Yangwang U9 Xtreme ត្រូវ បានរាយការណ៍ថា ល្បឿនរបស់វាឈានដល់ 503.17 គីឡូម៉ែត្រ/ម៉ោង លើទីលានធ្វើតេស្តបិទជិតនៃផ្លូវហាយវេ E11 ក្នុងទីក្រុងអាប៊ុយដាប៊ី ដោយបានទម្លុះកម្រិតល្បឿន 500 គីឡូម៉ែត្រ/ម៉ោង។
Yangwang បានកត់ត្រាការលក់ក្នុងស្រុកបានចំនួន 3,251 គ្រឿង ក្នុងរយៈពេល 9ខែដំបូងនៃឆ្នាំ 2026 ដែលកើនឡើង 38.9% ធៀបនឹងឆ្នាំមុន។ ការលក់ក្នុងខែកញ្ញា បានធ្លាក់ចុះមកត្រឹម 377 គ្រឿង ដែលធ្លាក់ចុះ 14.7% ធៀបនឹងខែសីហា និងធ្លាក់ចុះ 46.9% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន យោងតាម China EV DataTracker។ Altior បានពង្រីកស្រឡាយផលិតផលរបស់ Yangwang ទៅក្នុងផ្នែករថយន្ត Sedan ប្រណីតខ្នាតធំមួយនេះ អមដោយរថយន្ត Sedan អគ្គិសនី U7, រថយន្ត SUV ម៉ូដែល U8 និង U8L ព្រមទាំងរថយន្ត Supercar អគ្គិសនី U9។ BYD មិនទាន់បានប្រកាសថ្ងៃប្រគល់រថយន្តជូនអតិថិជននៃរថយន្ត Sedan មួយនេះនៅឡើយទេ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
