Admin, 11 November 2026

            ក្រុមហ៊ុន BYDចំនួនពីរដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ត្រូវបានបើកការស៊ើបអង្កេតដោយមន្ត្រី តុលាការនៅខែសីហា ឆ្នាំ 2026 ដែលជម្លោះផ្នែកច្បាប់លើកម្មសិទ្ធិបញ្ញាជាមួយក្រុមហ៊ុន Jaguar Land Rover (JLR)។ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះចោទប្រកាន់ថា រថយន្ត SUV BYD Ti 7 បំពានលើសិទ្ធិកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងរថយន្ត Land Rover Defender។ តាមប្រព័ន្ធផ្សព្វផ្សាយ​The Guardian បានរាយការណ៍ថា អាជ្ញាធរបានរឹបអូសយកកំណត់ត្រាឌីជីថលពីការិយាល័យរបស់ BYD នៅទីក្រុង Schiedam និង Hoofddorp​ ។​JLR បានរាយការណ៍ថា ការជាប់សង្ស័យរបស់ក្រុមហ៊ុន BYD គឺបានរុះរើរថយន្ត Defenderរបស់ខ្លួន ដើម្បីស្វែងរកផ្នែកបច្ចេកវិទ្យាមួយចំនួនសម្រាប់អភិវឌ្ឍន៍ម៉ូឌែល Ti 7។ សវនាការបឋមនេះត្រូវ បានកំណត់ធ្វើឡើងនៅថ្ងៃទី 11 ខែវិច្ឆិកានេះ នៅក្នុងទីក្រុងឡាអេ (Hague)។ មេធាវីរបស់ BYD បានជំទោស់លើវិសាលភាពនៃការដកហូតនេះ ដោយបាននិយាយថាវាជាការចាប់កំហុសដោយគ្មានភស្តុតាងច្បាស់លាស់ (fishing expedition)។ ក្រុមហ៊ុនផលិតរថយន្តទាំងពីរ មិនទាន់បានធ្វើការអត្ថាធិប្បាយជាសាធារណៈ អំពីចំណាត់ការផ្លូវច្បាប់ដែលកំពុងបន្តនៅឡើយទេ ហើយក៏មិនទាន់មានការរកឃើញការរំលោភបំពានកម្មសិទ្ធិបញ្ញាណាមួយនៅឡើយដែរ។​គិតត្រឹមពេលចេញផ្សាយនេះក្រុមហ៊ុន BYD មិនទាន់បានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់របស់អ្នកសារព៌តមាននៅឡើយផងដែរ។

អំពីរថយន្ត BYD Ti 7

BYD Ti 7 បានឈានជើងចូលទីផ្សារចិននៅក្នុងខែកញ្ញា ឆ្នាំ 2025 ក្រោមម៉ាកយីហោ Fang Cheng Bao ជាម៉ូដែល Bao 7 ហើយបន្ទាប់មកជា Tai 7។ ការរចនារបស់វា មានលក្ខណៈពិសេសដោយតួខ្លួនរាងប្រអប់, ផ្នែកខាងមុខបញ្ឈរ, រន្ធកង់រាងជ្រុង និងប្រអប់ផ្ទុកឥវ៉ាន់ដំឡើងនៅផ្នែកខាងក្រោយ។ រូបរាងរបស់វា ត្រូវបានគេប្រៀបធៀបជាញឹកញាប់ទៅនឹងរថយន្ត Land Rover Defender។

នៅក្នុងប្រទេសចិន Ti 7 មានវិមាត្រតួខ្លួន៖ បណ្តោយប្រវែង 4,999 មីឡីម៉ែត្រ, ទទឹង 1,995 មីឡីម៉ែត្រ និងកម្ពស់ 1,865 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 2,920 មីឡីម៉ែត្រ។ សម្រាប់ទីផ្សារចិន ម៉ូឌែលនេះមានកៅអីចំនួន 5 ខណៈដែលវគ្គនាំចេញទៅអឺរ៉ុប មានកៅអីចំនួន 7។ BYD បានបញ្ជាក់ពីប្រវែងតួខ្លួន 5,146 មីឡីម៉ែត្រ សម្រាប់ម៉ូដែលនៅចក្រភពអង់គ្លេស រាប់បញ្ចូលទាំងកង់បម្រុងដំឡើងនៅផ្នែកខាងក្រោយ។​ នៅក្នុងប្រទេសចិន រថយន្ត Ti 7 ប្រភេទ Plug-in Hybrid ដើមឡើយត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហែល 26,900 ដុល្លារអាមេរិក ដោយប្រភេទជម្រើសកំពូល វាមានតម្លៃប្រហែល 32,900 ដុល្លារអាមេរិក។ រថយន្ត SUV នេះ ប្រើប្រាស់ម៉ាស៊ីនសាំង 1.5 លីត្រ Turbo ផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនី ដោយមាន2ជម្រើសគឺ (2WD) និង (AWD)។

នៅក្នុងខែមេសា ឆ្នាំ ​2026 ក្រុមហ៊ុនBYD បានណែនាំរថយន្ត Ti 7 អគ្គិសនីសុទ្ធ ជាមួយនឹងចម្ងាយបើកបរ CLTC អតិបរមា 755 គីឡូម៉ែត្រ នៅក្នុងប្រទេសចិនផងដែរ។ ស្រឡាយរថយន្ត EV នេះ ត្រូវ បានកំណត់តម្លៃចន្លោះពី ប្រហែល 29,900 ដុល្លារ ដល់ 35,900 ដុល្លារ​អាមេរិក។

BYD Ti7: credit BYD

Land Rover Defender PHEV. Credit: JLR

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)