Admin, 30 October 2026

​​​​​​​​​           ក្រុមហ៊ុន BYD បានស្ទាបស្ទង់មិតិជាផ្លូវការ នៃរថយន្តប្រភេទ Sedan លំដាប់កំពូលរបស់ខ្លួនគឺ Yangwang Altior ដែលត្រូវបានកំណត់ជាគូប្រកួតប្រជែងជាមួយរថយន្ត Rolls-Royce Ghost។ វានឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃទី 5 ខែវិច្ឆិកា​2026 នៅក្នុងទីក្រុងឌូបៃ Yangwang Altior ជារថយន្ត Saloon ប្រណីតដែលមានតួប្រវែង5.5 ម៉ែត្រ ជាមួយតម្លៃប្រហាក់ប្រហែល 2លានយន់ (ប្រហែល 300,000 ដុល្លារអាមេរិក)។

កាលពីថ្ងៃទី 27 ខែតុលា BYD បានបញ្ចេញរូបភាព និងវីដេអូខ្លីៗនៃរថយន្តលំដាប់កំពូលចុងក្រោយបង្អស់របស់ខ្លួន។ វាគឺជារថយន្ត Sedan ដែលកាលពីមុនត្រូវ បានគេស្គាល់តាមរយៈលេខសម្គាល់ «HU»។ ទោះជាយ៉ាងណាក៏ដោយ លោក Hu Xiaoqing អគ្គនាយកផ្នែកលក់នៃម៉ាក Yangwang បានប្រកាសជាផ្លូវការថា ឈ្មោះអន្តរជាតិផ្លូវការនៃម៉ូដែលនេះគឺ Altior។ វា ត្រូវបានដកស្រង់ចេញពីភាសាឡាតាំង ដែលមានន័យថា «ខ្ពស់ជាង» ឈ្មោះក្នុងស្រុកចិននៃរថយន្ត Sedan មួយនេះ គឺ Dingyao។

Yangwang Altior ដើរតាមអក្សររចនាដែលត្រូវបានបំផុសជាលើកដំបូងដោយម៉ូដែលដំបូងរបស់ម៉ាកយីហោនេះ គឺរថយន្ត SUV ម៉ូដែល U8។ ផ្នែកខាងមុខរបស់វា ទទួលបានការបំផុសគំនិតចេញពី ding ដែលជាឆ្នាំងបុរាណចិនមានជើងពីរ និងត្រចៀកកាន់ពីរ។ Altior ក៏មានខ្សែគម្របម៉ាស៊ីនលាតសន្ធឹងយ៉ាងវែង ជាមួយនឹងផលធៀបចម្ងាយពីកង់មុខទៅតាបឡូ (dash-to-axle ratio) យ៉ាងច្បាស់។ រថយន្តនេះ ប្រើប្រាស់សេនស័រ LiDAR ដំឡើងលើដំបូល, យ៉ាន់កង់ក្រូម៉េធំៗ និងទ្វារខាងក្រោយបើកច្រាសទិស (rear-hinged doors)។ វា ធ្លាប់ត្រូវបានគេប្រទះឃើញជាច្រើនលើកកាលពីមុន នៅលើផ្លូវសាធារណៈ។

Yangwang Altior មានប្រវែងតួខ្លួន 5,500 មីឡីម៉ែត្រ។ ប្រវែងចន្លោះកង់មុខក្រោយរបស់វា (Wheelbase) ឡើងដល់ 3,350 មីឡីម៉ែត្រ។ ដើម្បីអោយភាពច្បាស់លាស់ វាមានប្រវែងវែងជាងរថយន្ត Rolls-Royce Ghost កម្រិតស្តង់ដារប្រហែល 100 មីឡីម៉ែត្រ។ Altior ក៏ជាគូរប្រកួតប្រជែងជាមួយ Mercedes-Benz S-Class និងរថយន្ត Sedan ម៉ូដែល Maextro S800 ចេញពីក្រុមហ៊ុន Huawei និង JAC ផងដែរ។ រថយន្តបង្គោលរបស់ Yangwang មួយនេះ ទំនងជានឹងផ្តល់ជូនម៉ូទ័រអគ្គិសនីចំនួនបួន និងប្រព័ន្ធបូមអ៊ីដ្រូលីក (hydraulic suspension)។

ដូចដែលបានរៀបរាប់ Altior នឹងបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង នៅក្នុងអេមីរ៉ាតអារ៉ាប់រួម នៅកំឡុងថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះ។ BYD កំពុងតែរៀបចំម៉ូដែលនេះយ៉ាងច្បាស់លាស់ ដើម្បីដណ្តើមទីផ្សារមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានផ្លូវការណាលម្អិតពីការលេចឡើងនាពេលបច្ចុប្បន្ននោះទេ។

យោងតាមទិន្នន័យពី China EV DataTracker ម៉ាក Yangwang បានលក់រថយន្តចំនួន 3,251 គ្រឿង ជូនអតិថិជន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ 2026 ដែលកើនឡើង 38.9% ធៀបនឹងឆ្នាំមុន។ ម៉ូដែលដែលមានតម្លៃថ្លៃបំផុតក្រោមម៉ាក Yangwang គឺរថយន្ត Hypercar ម៉ូដែល U9 Xtreme ដែលត្រូវបានកំណត់តម្លៃប្រហែល 20 លានយន់ (ប្រហែល 3 លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានផលិតក្នុងចំនួនកម្រិតត្រឹមតែ 30 គ្រឿងប៉ុណ្ណោះ។

បច្ចុប្បន្នភាព (Update)៖ Altior នឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែវិច្ឆិកា ដោយកាលបរិច្ឆេទជាក់លាក់នៃការបង្ហាញមុខ មិនទាន់ត្រូវ បានបញ្ចេញនៅឡើយទេ។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)