Admin, 02 April 2026

ពត៌មានមុន៖BYD Denza D9 ចាប់ផ្ដើមការបើកលក់មុននៅថ្ងៃទី 29 មីនា ជាមួយអាគុយ Blade 2.0 សាកពី 10-70% ក្នុងរយៈពេល 5 នាទី
​​​​​​       

             យោងតាមសារព័ត៌មាន IThome ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្នែកខាងក្នុងនៃរថយន្ត Denza D9 ស៊េរីអាប់ដេតថ្មី មុនការបើកលក់មុន (Pre-sale) នៅថ្ងៃទី 29 ខែមីនា នៅក្នុង​ប្រទេសចិន​​ដោយបង្ហាញ ពីការកែលម្អលើការរៀបចំប្លង់កាប៊ីន និងបរិក្ខារសម្រាប់​អ្នកដំណើរ​ជួរក្រោយ។

សារព័ត៌មាន CNC កាលពីដើមសប្តាហ៍នេះ បានរាយការណ៍ថា ក្រុមហ៊ុន BYD បានបញ្ជាក់ពី ពេលវេលានៃការលក់មុន និងលក្ខណៈបច្ចេកទេសសំខាន់ៗនៃអាគុយ រួមទាំងគោលដៅ នៃ សមត្ថភាពសាកភ្លើងល្បឿនលឿនសម្រាប់ម៉ូដែលនេះផងដែរ។


ការរៀបចំប្លង់ផ្នែកខាងក្នុង

យោងតាមរូបភាពផ្លូវការ រថយន្ត Denza D9 ស៊េរីថ្មីនេះ ប្រើប្រាស់ការរៀបចំកៅអីចំនួន 3ជួរ។ ផ្នែកខាងមុខរួមមាន អេក្រង់កុងទ័រស្តង់ដារ និងអេក្រង់បញ្ជាកណ្តាល ព្រមទាំងមាន អេក្រង់ បន្ថែមមួយទៀតសម្រាប់អ្នកដំណើរខាងមុខ។ អ្នកដំណើរជួរទីពីរ ត្រូវបានបំពាក់ដោយអេក្រង់ កម្សាន្តបំពាក់លើដំបូល និងតុបត់សម្រាប់ប្រើប្រាស់ខណៈដែលកន្លែងដាក់ដៃនៃកៅអីនីមួយៗ មានបង្កប់នូវអេក្រង់បញ្ជាតូចៗ សម្រាប់ការសារ៉េកៅអី និងមុខងារផ្សេងៗទៀត។


កម្លាំងម៉ាស៊ីន និងចម្ងាយបើកបរ

ម៉ូដែលនេះត្រូវបានបំពាក់ដោយអាគុយ Blade ជំនាន់ទី 2 (ប្រភេទខ្លី) របស់ BYD។ ក្រុមហ៊ុនអះអាងថា៖

  • ការសាកភ្លើងពី 10% ទៅ 70% ចំណាយពេលប្រហែល 5 នាទី។
  • ការសាកពី 10% ទៅ 97% ចំណាយពេលប្រហែល 9 នាទី ក្នុងលក្ខខណ្ឌធម្មតា។
  • ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង (-30 អង្សាសេ) រយៈពេលសាកនឹងកើន ឡើងត្រឹមតែប្រហែល 3 នាទីបន្ថែមប៉ុណ្ណោះ។

Denza D9 ស៊េរីអាប់ដេតនេះ មានទាំងជម្រើសប្រភេទ Plug-in Hybrid (PHEV) ដែលអាច បើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយជាង 400 គីឡូម៉ែត្រ និងប្រភេទ អគ្គិសនីសុទ្ធ (BEV) ដែលអាចរត់បានរហូតដល់ 800 គីឡូម៉ែត្រ។


ការកែលម្អរូបរាងខាងក្រៅ និងការចុះបញ្ជី

រថយន្ត Denza D9 ប្រភេទអគ្គិសនី (EV) បានបង្ហាញខ្លួននៅក្នុងការចុះបញ្ជី របស់ក្រសួង ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិននាពេលថ្មីៗនេះ។ បញ្ជីនោះបង្ហាញពីការកែលម្អ ផ្នែកខាងមុខ រួមមានការរចនាប៉ាណា (Grille) ថ្មី ដែលនៅរក្សារចនាប័ទ្មគ្រាប់ពេជ្រ (Diamond-cut) ដដែល ប៉ុន្តែបន្ថែមនូវភាពលេចធ្លោនៃស្រទាប់លើផ្ទៃខាងមុខឱ្យកាន់តែច្បាស់។


ពេលវេលាដាក់លក់

BYD បានបញ្ជាក់ថា ការលក់មុនសម្រាប់ Denza D9 ជំនាន់អាប់ដេតនេះ នឹងចាប់ផ្តើមនៅ ថ្ងៃទី 29 ខែមីនា។ យោងតាមព័ត៌មានផ្លូវការដែលបានចេញផ្សាយកន្លងមក រថយន្តម៉ូដែល នេះត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារក្នុងពាក់កណ្តាលឆមាសទីមួយនៃឆ្នាំនេះ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)