Admin, 28 January 2026

អត្ថបទមុន​៖រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD រំពឹងថាការលក់នៅក្រៅប្រទេសនឹងកើនឡើងដល់ ២០% នៃការលក់សរុបនៅឆ្នាំ ២០២៥

​​​​​           យោងតាមរបាយការណ៍ពីប្រភពព័ត៌មានបច្ចេកវិទ្យាចិន IT Home ក្រុមហ៊ុន BYD បានកំណត់ គោលដៅលក់រថយន្តឱ្យបាន 1.3 លានគ្រឿង នៅខាងក្រៅប្រទេសចិនសម្រាប់ឆ្នាំ 2026។ គោលដៅនេះតំណាងឱ្យការកើនឡើងប្រមាណ 25% បើធៀបនឹងចំនួនចែកចាយនៅក្រៅ ប្រទេសដែលក្រុមហ៊ុនសម្រេចបានក្នុងឆ្នាំ 2025។ ការប្រកាសនេះបានផ្តល់នូវសូចនាករ យ៉ាងច្បាស់លាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការពង្រីកខ្លួនជាអន្តរជាតិរបស់ BYD បន្ទាប់ពីមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


លោក Li Yunfei អគ្គនាយកគ្រប់គ្រងទូទៅ (General Manager) និងទំនាក់ទំនងសាធារណៈ របស់ BYD បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងស៊ាងហៃ កាលពីថ្ងៃសៅរ៍ ទី 24 ខែមករា (ឆ្នាំ 2026) ថា ក្រុមហ៊ុនគ្រោងនឹងឈានឱ្យដល់ចំនួនលក់ 1.3 លានគ្រឿងនៅ ក្នុងទីផ្សារក្រៅស្រុកនាឆ្នាំ 2026 នេះផងដេរ។ តួលេខនេះសំដៅយ៉ាងជាក់លាក់ទៅលើការចែកចាយនៅក្រៅប្រទេស ។ស្ថិតិលក់ក្នុងឆ្នាំ 2025៖

  • ការលក់សរុប៖ BYD បានលក់រថយន្តថាមពលថ្មី (NEV) សរុបប្រហែល 4.6 លានគ្រឿង ក្នុងឆ្នាំ 2025។
  • ប្រភេទរថយន្ត៖ ក្នុងនោះមានរថយន្តអគ្គិសនីប្រើអាគុយ (BEV) ប្រហែល 2.26 លានគ្រឿង ខណៈដែលចំនួននៅសេសសល់ជារថយន្តប្រភេទ Plug-in Hybrid ដែលត្រូវបានលក់ជាចម្បងនៅក្នុងទីផ្សារក្នុងស្រុក។
  • ការលក់នៅក្រៅប្រទេស៖ ការចែកចាយនៅក្រៅប្រទេសក្នុងឆ្នាំ 2025 បានកើនឡើងលើសពី 1.04 លានគ្រឿង (រួមមានទាំងរថយន្តទេសចរណ៍ និងរថយន្តភីកអាប់)។ ចំនួននេះបានកើនឡើងលើសពីការលក់នៅក្រៅប្រទេសសរុបប្រចាំឆ្នាំ 2024 ដែលបង្ហាញថាទីផ្សារអន្តរជាតិកំពុងកាន់កាប់ចំណែកកាន់តែធំនៅក្នុងបរិមាណលក់សរុបរបស់ក្រុមហ៊ុន។



យុទ្ធសាស្ត្រពង្រីកខ្លួនជាសកល៖ ការរីកចម្រើននៃការលក់នៅក្រៅប្រទេសរបស់ BYD ក្នុងឆ្នាំ 2025 ត្រូវបានទទួលគាំទ្រដោយសកម្មភាពពង្រីកទីផ្សារក្នុងតំបន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ព្រមទាំងពន្លឿនការចូលទៅកាន់ទីផ្សារ និងការលក់នៅក្នុងតំបន់អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។ គិតត្រឹមចុងឆ្នាំ 2025 រថយន្តរបស់ BYD បានទៅដល់ជាង 110 ប្រទេស និងតំបន់នៅទូទាំងពិភពលោក។

ស្របពេលជាមួយនឹងការកើនឡើងនៃការនាំចេញ BYD ក៏បានបន្តវិនិយោគលើការផលិត នៅក្នុងស្រុកនៅតាមបណ្តាប្រទេសនានា៖

  • រោងចក្រផលិតរថយន្តប្រភេទទេសចរណ៍(Passenger Vehicle) នៅក្នុងប្រទេស ថៃ, អ៊ូសបេគីស្ថាន និងប្រេស៊ីល ត្រូវបានសាងសង់រួចរាល់ និងបានចាប់ផ្តើមដំណើរការ។
  • រោងចក្រផលិតរថយន្តទេសចរណ៍ដំបូងគេរបស់ BYD នៅអឺរ៉ុប ដែលមានទីតាំង នៅក្នុងប្រទេស ហុងគ្រី ក៏កំពុងខិតជិតដល់ការចាប់ផ្តើមផលិតកម្មផងដែរ។

ដោយឡែក យោងតាមស្ថាប័ន Citigroup កាលពីខែវិច្ឆិកាឆ្នាំមុន បានលើកឡើងថា BYD អាចនឹងកំណត់គោលដៅលក់នៅក្រៅប្រទេសខ្ពស់ជាងនេះ ពោលគឺចន្លោះពី 1.5 ទៅ 1.6 លានគ្រឿងសម្រាប់ឆ្នាំ 2026 ដែលបង្ហាញថាការនាំចេញក្នុងបរិមាណកាន់តែច្រើនកំពុងស្ថិត ក្រោមការពិចារណារបស់ក្រុមហ៊ុន និងអ្នកវិភាគខាងក្រៅ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)