Admin, 05 March 2026
ក្រុមហ៊ុន BMW Motorrad France ទើបតែបានបង្ហាញនូវម៉ូតូ F900 R និង F900 XR កំណែពិសេស (Special Edition) ចំនួនពីរម៉ូដែល ប៉ុន្តែជាការគួរឱ្យស្តាយ ពួកវាត្រូវបាន ផលិតសម្រាប់តែទីផ្សារប្រទេសបារាំងប៉ុណ្ណោះ។ នេះមិនមែនជាលើកទីមួយទេដែល BMW ប្រទេសបារាំងធ្វើឱ្យយើងមានអារម្មណ៍ច្រណែនបែបនេះ ព្រោះកាលពីឆ្នាំមុន ពួកគេក៏បាន បញ្ចេញម៉ូដែល Dark Editions សម្រាប់ F900 GS និង R1300 GS ដែលជាផលិតផល ផ្តាច់មុខសម្រាប់ទីផ្សារបារាំងដូចគ្នា។
នៅក្នុងលើកនេះ ក្រុមហ៊ុននៅតែបន្តប្រើប្រាស់ស្រឡាយ F900 ដដែល ប៉ុន្តែបានដកស្រង់ ការបំផុសគំនិតពីផ្នែករថយន្តរបស់ខ្លួនមកវិញ។ ម៉ូដែល F900 R ទទួលបានពណ៌ថ្មីគឺ Frozen Grey (ពណ៌ប្រផេះកក) ខណៈដែល F900 XR បង្ហាញខ្លួនជាមួយពណ៌បៃតង Aurelius Green ដ៏ទាក់ទាញ ដែលម៉ូដែលទាំងពីរនេះយកតាមពណ៌ដែលមាននៅលើរថយន្តក្នុងស្រឡាយ M របស់ BMW។
យោងតាម BMW Motorrad France ពណ៌បៃតង Aurelius Green របស់ F900 XR គឺជាពណ៌ផ្តាច់មុខដែល "ជាធម្មតាត្រូវបានបម្រុងទុកសម្រាប់តែម៉ូដែល M1000 XR ប៉ុណ្ណោះ"។ ម៉ូតូទាំងពីរម៉ូដែលនេះ កំពុងត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ Salon du 2 Roues ក្នុងទីក្រុង Lyon ប្រទេសបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ខែកុម្ភៈ ដល់ថ្ងៃទី 1ខែមីនា។ ចំពោះតម្លៃវិញ F900 R ត្រូវបានដាក់លក់ក្នុងតម្លៃ 11,226ដុល្លាអាមេរិក ចំណែក F900 XR មានតម្លៃរហូតដល់ 14,416 ដុល្លាអាមេរិក។
ម៉ូដែល F900 R និង F900 XR ដំណើរការដោយម៉ាស៊ីនពីរស៊ីឡាំងកម្លាំង 895cc ដូចគ្នា ដែលផលិតកម្លាំងបាន 103 សេះ (bhp) @8,500rpm និងកម្លាំងបង្វិលអតិបរមា 93Nm @6,750rpm។
ក្រៅពីម៉ូដែលកំណែពិសេសទាំងនេះ ក៏មានគ្រឿងតុបតែងបន្ថែម (optional equipment) ដែលអ្នកជិះអាចទិញបន្ថែមឱ្យស៊ីគ្នាជាមួយពណ៌ថ្មីនេះផងដែរ៖
- សម្រាប់ F900 R: អ្នកជិះអាចបន្ថែមរបាំងការពារខ្យល់ពណ៌ខ្មៅ (tinted windshield), ស្រោមពូកកៅអី និងសំបកការពារម៉ាស៊ីន ដែលសុទ្ធតែមានពណ៌ Frozen Grey។
- សម្រាប់ F900 XR: អ្នកជិះក៏អាចទទួលបានរបាំងការពារខ្យល់ពណ៌ខ្មៅកម្រិតខ្ពស់ និងសំបកការពារម៉ាស៊ីនដែលមានពណ៌ Aurelius Green ស៊ីគ្នាយ៉ាងល្អឥតខ្ចោះ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
