Admin, 11 March 2026

          ទោះបីជាក្រុមហ៊ុន BMW មិនបានដំឡើងម៉ូតូនៅក្នុងរោងចក្រ Leipzig របស់ខ្លួនក៏ដោយ ប៉ុន្តែអ្វីដែលកំពុងកើតឡើងនៅក្នុងរោងចក្រនោះ អាចមានឥទ្ធិពលដល់អនាគត​នៃចង្វាក់​ផលិតកម្មម៉ូតូ។

ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ បានចាប់ផ្តើមធ្វើតេស្តមនុស្សយន្តដែលមានរូបរាងដូចមនុស្ស (Humanoid robots) នៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដែលជាផ្នែកនៃកម្មវិ​ធីសាកល្បង​ថ្មីមួយហៅថា “Physical AI”។ វាគឺជាការបញ្ចូលគ្នារវាងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យាមនុស្សយន្តក្នុងពិភពពិត ដែលត្រូវបានរចនាឡើងដើម្បីធ្វើការទន្ទឹមគ្នាជាមួយ​មនុស្ស។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការថា តើមនុស្សយន្តប្រភេទនេះនឹង​ចាប់ផ្តើមដំឡើងម៉ូតូនៅពេលណានោះទេ ប៉ុន្តែប្រសិនបើការសាកល្បងនេះទទួលបាន​ជោគជ័យ​ដូចអ្វីដែល BMW រំពឹងទុក វានឹងអាចកើតឡើងពិតប្រាកដនៅថ្ងៃណាមួយ។

Robot worker AEON in a BMW factory


មុនពេលដែលអ្នកស្រមៃដល់ខ្សែសង្វាក់ផលិតកម្មដែលពោរពេញដោយមនុស្សយន្តដូចក្នុងរឿង Terminator 2 ការពិតជាក់ស្តែងគឺមិនសូវគួរឱ្យខ្លាចដល់ថ្នាក់នោះទេ។ គម្រោងនេះផ្តោតលើ​មនុស្សយន្តដែលមានឈ្មោះថា AEON ដែលបង្កើតឡើងដោយក្រុមហ៊ុនមនុស្សយន្ត Hexagon។ ខុសពីដៃមនុស្សយន្តខ្នាតធំដែលយើងធ្លាប់ឃើញក្នុងរោងចក្រឡាន AEON ត្រូវបាន​​បង្កើតឡើងដើម្បីដំណើរការក្នុងលំហដែលរចនាឡើងសម្រាប់មនុស្ស។ វាមាន​សមត្ថភាព​រក្សាតុល្យភាពដោយខ្លួនឯង ធ្វើចលនាដោយប្រើកង់ និងមានដៃដែល​អាចបំពាក់​ឧបករណ៍ផ្សេងៗគ្នាទៅតាមប្រភេទការងារ។

នៅក្នុងរោងចក្រ Leipzig មនុស្សយន្តនេះនឹងត្រូវប្រើដើម្បីសាកល្បង​ការងារផលិតកម្ម​ជាច្រើន រួមទាំងការដំឡើងអាគុយដែលមានវ៉ុលខ្ពស់ និងការជួយក្នុងផលិតកម្មគ្រឿងបង្គុំ​ផ្សេងៗ។ ខណៈដែលរោងចក្រ Leipzig ផ្តោតលើរថយន្ត BMW និង Mini ប៉ុន្តែឥទ្ធិពលរបស់​វាអាចជះទៅដល់យានយន្តពីរជើងផងដែរ។ BMW បានផលិតម៉ូតូរួចហើយនៅរោងចក្រ Berlin-Spandau របស់ខ្លួន ហើយប្រសិនបើមនុស្សយន្តអាចចេះដោះស្រាយការងារ​ស្មុគស្មាញ​​ក្នុង​​ការផលិតឡានបាន នោះវាមានឱកាសខ្ពស់ដែលប្រព័ន្ធ​ស្រដៀងគ្នានេះនឹង​បង្ហាញ​​ខ្លួននៅក្នុងការផលិតម៉ូតូនាពេលអនាគត។​​គួរកត់សម្គាល់ថា "មនុស្សយន្ត" មិនមែន​ជារឿងថ្មី​​ស្រឡាងឡើយនៅក្នុងការផលិតម៉ូតូ។ កាលពីឆ្នាំមុន ខ្ញុំបានទៅរោងចក្រ TVS ក្នុងទីក្រុង Hosur ហើយបានឃើញមនុស្សយន្តពាក់កណ្តាលស្វ័យប្រវត្តិ កំពុងដឹក​ជញ្ជូនគ្រឿងបន្លាស់ជុំវិញរោងចក្រ និងជួយរៀបចំកន្លែងឱ្យមានសណ្តាប់ធ្នាប់។ ប៉ុន្តែម៉ាស៊ីនទាំងនោះមានរូបរាងដូចជាប្រអប់ដែលមានកង់ ខុសប្លែកស្រឡាំងកាំងពី AEON ដែលមានរូបរាងស្ទើរតែដូចមនុស្ស ដែលធ្វើឱ្យវាមើលទៅហាក់ដូចជា "ព្រឺព្រួច" បន្តិចនៅពេលសម្លឹងមើលវា។

Inside the TVS factory


នេះមិនមែនជាលើកទីមួយទេដែល BMW សាកល្បងប្រើជំនួយការជាមនុស្សយន្ត។ កាលពីឆ្នាំ 2025 ការសាកល្បងជាមួយមនុស្សយន្តមួយទៀតឈ្មោះ Figure 02 នៅរោងចក្រ Spartanburg សហរដ្ឋអាមេរិក បានសន្និដ្ឋានថា "មនុស្សយន្តអាចអនុវត្តជំហានការងារ ដែលច្បាស់លាស់ និងដដែលៗដោយសុវត្ថិភាព"។ ក្នុងរយៈពេលសាកល្បង 10 ខែ ម៉ាស៊ីននោះបានជួយផលិតរថយន្ត BMW X3 ជាង 30,000 គ្រឿង ដោយវាបានលើកគ្រឿង បង្គុំដែកសន្លឹកដែលប្រើក្នុងដំណើរការផ្សារ។ សរុបមក វាបានផ្លាស់ទីគ្រឿងបង្គុំជាង 90,000 ដុំ និងធ្វើចលនាបានប្រហែល 1.2លានជំហាន ក្នុងអំឡុងពេលធ្វើការ 1,250 ម៉ោង។

"Hasta la vista, baby"


មនុស្សយន្តដែលមានរូបរាងដូចមនុស្សគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្រ "ឌីជីថលរូប​នីយកម្ម" ដ៏ធំនៅក្នុងបណ្តាញផលិតកម្មរបស់ BMW ប៉ុណ្ណោះ។ បញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងដើរតួនាទីក្នុងការត្រួតពិនិត្យគុណភាព ភស្តុភារ និងការរៀបចំផែន ការរោងចក្រ និម្មិតនៅទូទាំងពិភពលោក។​ សម្រាប់ពេលនេះ មនុស្សយន្តទាំងនេះនៅមិនទាន់ទៅដល់ខ្សែ​សង្វាក់ដំឡើងម៉ូតូក្នុងទីក្រុងប៊ែរឡាំងនៅឡើយទេ។ ប៉ុន្តែប្រសិនបើការពិសោធន៍ចុងក្រោយ​របស់ BMW ជោគជ័យ ថ្ងៃដែលមនុស្សយន្តមកជួយដំឡើងម៉ូតូម៉ាស៊ីន Boxer របស់អ្នក អាចនឹងមកដល់ឆាប់ៗជាងអ្វីដែលអ្នកគិត។​ សង្ឃឹមថា វានឹងមិនមានរឿង "I'll be back" (ដូចក្នុងរឿងមនុស្សយន្តបំផ្លាញពិភពលោក) កើតឡើងទៅចុះ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors