Admin, 29 July 2026
ក្រុមហ៊ុន Benda ដែលជាក្រុមហ៊ុនថ្មីថ្មោងមួយរបស់ចិន ដែលបានដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិករួចហើយនោះ ត្រៀមនឹងដាក់បង្ហាញម៉ូតូ Cruiser ម៉ាស៊ីន V-twin កម្លាំងមធ្យម ជំនាន់ទី2 បស់ខ្លួន គឺម៉ូឌែល Chinchilla 500 ដែលភ្ជាប់មកជាមួយប្រព័ន្ធអំបាយ៉ាអេឡិចត្រូនិច (E-Clutch) ព្រមទាំងលក្ខណៈពិសេសនៃការរចនារូបរាងប្លែកពីគេខ្លាំង។
ម៉ូឌែល Chinchilla 500 ដែលជាម៉ូឌែលមួយក្នុងចំណោមម៉ូឌែលមួយចំនួនតូចរបស់ Benda ដែលមានលក់នៅសហរដ្ឋអាមេរិក គឺមានគោលដៅប្រកួតប្រជែងជាមួយ Honda Rebel 500 ដោយទាក់ទាញអ្នកទិញតាមរយៈតម្លៃធូរថ្លៃត្រឹមតែ 6,149 ដុល្លារ និងម៉ាស៊ីន V-twin កម្លាំង 47 សេះ ដោយលក់ក្នុងតម្លៃទាបជាងគូប្រជែង ខណៈដែលផ្តល់ជូននូវលក្ខណៈបច្ចេកទេសខ្ពស់ជាង ដើម្បីប៉ះប៉ូវដល់ភាពមិនសូវស្គាល់នៃឈ្មោះម៉ាកយីហោរបស់ខ្លួន។
នាពេលនេះ ម៉ូឌែលកំណែទម្រង់ថ្មីនៃ Chinchilla 500 បានលេចមុខនៅក្នុងឯកសារអនុម័តប្រភេទយានយន្តរបស់ចិន ដោយបង្ហាញថាវានឹងក្លាយជាម៉ូឌែលចុងក្រោយបង្អស់របស់ Benda ដែលបំពាក់ប្រព័ន្ធ E-Clutch ស្ទីលដូច Honda។ វាក៏បានបង្ហើបពីការបង្កើនកម្លាំងម៉ាស៊ីន និងបង្ហាញពីការរចនារូបរាងថ្មីបែបបុរាណជាងមុន (លើកលែងតែចំណុចលម្អិតមួយ)។
ប្រព័ន្ធអំបាយ៉ាអេឡិចត្រូនិច (E-Clutch System) ប្រព័ន្ធអំបាយ៉ាស្វ័យប្រវត្តរបស់ Benda ធ្លាប់បានលេចមុខនៅក្រៅទីផ្សារអាមេរិករួចមកហើយលើម៉ូឌែល Rock 707 ម៉ាស៊ីន V-twin ហើយវាមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹង Honda E-Clutch ទាំងការរចនា និងដំណើរការ។ ដូចគ្នានឹងប្រព័ន្ធរបស់ Honda ដែរ វាដំឡើងរក្សាទុកនូវប្រព័ន្ធអំបាយ៉ាធម្មតា រួមទាំងដៃអំបាយ៉ានៅដៃចង្កូតខាងឆ្វេង និងចង្កឹះលេខជាន់ដោយជើង ប៉ុន្តែវាបានបន្ថែមប្រព័ន្ធម៉ូទ័រអេឡិចត្រូនិច (electromechanical servo system) ដែលអាចបញ្ជាអំបាយ៉ាដោយស្វ័យប្រវត្ត នៅពេលដែលអ្នកជិះមិនចង់ប្រៀបប្រើប្រាស់ដៃអំបាយ៉ាដោយខ្លួនឯង។
នៅពេលម៉ូតូចូលលេខរួច អ្នកជិះអាចចេញដំណើរបានដោយមិនចាំបាច់ប្រើដៃអំបាយ៉ាឡើយ ដោយពឹងផ្អែកលើប្រព័ន្ធ ECU និងម៉ូទ័រអំបាយ៉ាជាអ្នកធ្វើការជំនួស។ នៅពេលកំពុងបើកបរ អ្នកជិះអាចឡើង ឬទម្លាក់លេខបានដោយមិនបាច់ប៉ះដៃអំបាយ៉ានោះទេ។ ការបញ្ឈប់ម៉ូតូក៏ដូចគ្នាដែរ ប្រព័ន្ធអំបាយ៉ានឹងផ្តាច់ដោយស្វ័យប្រវត្តមុនពេលម៉ាស៊ីនរលត់។ ប្រសិនបើអ្នកជិះចង់បញ្ជាដោយខ្លួនឯង គឺគ្រាន់តែចាប់ដៃអំបាយ៉ាដើម្បីគ្រប់គ្រងទាំងស្រុងឡើងវិញបានយ៉ាងងាយស្រួល។
ម៉ូឌែល Honda Rebel 500 ប្រាកដជានឹងទទួលបានប្រព័ន្ធ E-Clutch នាពេលខាងមុខ ដោយសារវាមានជាជម្រើសរួចហើយលើម៉ូឌែលតូច Rebel 300 ប៉ុន្តែ Benda បានយកឈ្នះក្រុមហ៊ុនយក្សមួយនេះមុននៅក្នុងកម្រិត 500cc។ ឯកសារអនុម័តរបស់ Benda បង្ហាញថា Chinchilla ក៏នឹងត្រូវផ្តល់ជូននូវជម្រើសអំបាយ៉ាដៃធម្មតាផងដែរ។
ការអាប់ដេតកម្លាំងម៉ាស៊ីន និងការរចនា ម៉ូឌែលអាប់ដេតថ្មីនេះ ក៏ទទួលបានការបង្កើនកម្លាំងផងដែរ — គឺកើនឡើងពី 47 សេះ លើម៉ូឌែលបច្ចុប្បន្ន ទៅ 54 សេះ — ដែលជាលទ្ធផលនៃការកើនឡើងទំហំស៊ីឡាំង 24cc ធ្វើឱ្យកម្លាំងសរុបឡើងដល់ 500cc គត់។ ទំហំមុខកាត់ពីស្តុង (bore) 69mm គឺមិនមានការផ្លាស់ប្តូរទេ ដូច្នេះកម្លាំងដែលបន្ថែមនេះគឺបានមកពីប្រវែងធ្វើចលនារបស់ស្តុង (stroke) វែងជាងមុន ដោយកើនឡើងពី 63.6mm ទៅ 66.9mm។
ចំពោះការរចនារូបរាង៖
កាំងភក់ និងស៊ីម៉ាំង៖ ម៉ូឌែលថ្មីទទួលបានកាំងភក់ក្រោយវែងជាងមុន ផ្តល់នូវរូបរាងបែប Cruiser បុរាណជាងមុន ព្រមទាំងមានបំពង់ស៊ីម៉ាំងនៅអមសងខាង ជំនួសឱ្យបំពង់ស៊ីម៉ាំងតម្រៀបលើគ្នានៃម៉ូឌែលបច្ចុប្បន្ន។
គ្រោងឆ្អឹង និងចង្កៀងមុខ៖ វាដំឡើងរក្សាទុកនូវគ្រោងឆ្អឹងបូមក្រោយឌុប និងបូមមុខបញ្ច្រាស ប៉ុន្តែបានយកចង្កៀងមុខស្ទីល "ទូប៊ីនយន្តហោះ" ពីម៉ូឌែល LFC700 ម៉ាស៊ីន 4ស៊ីឡាំង មកប្រើប្រាស់។
ចំណុចប្លែកខ្លាំង (Wood-effect paneling)៖ នៅក្នុងជម្រើសដ៏ប្លែកមួយ ម៉ូឌែល Chinchilla 500 បានបំពាក់ បន្ទះលម្អស្ទីលសសៃឈើ (wood-effect paneling) បែបឡាន Woodie-wagon។ វាមិនមែនជាម៉ូតូដំបូងគេដែលប្រើប្រាស់ស្ទីលសសៃឈើនោះទេ (Bimota Mantra ធ្លាប់ប្រើកុងទ័រស្ទីលបែបឈើ ហើយ Maeving RM1 មានបង្កប់ឈើក្នុងប្រអប់អាគុយ) ប៉ុន្តែគេមិនដែលឃើញម៉ូតូណាបង្ហាញវាលេចធ្លោខ្លាំងបែបនេះឡើយ។ បន្ទះលម្អស្ទីលសៃឈើនេះ លេចឡើងនៅលើផ្នែកផតនៃធុងសាំង និងនៅលើកាំងភក់ខាងក្រោយ។ គួរឱ្យភ្ញាក់ផ្អើល យើងគិតថា ម៉ូតូ V-twin កម្លាំងតូចមួយនេះ គឺស៊ីគ្នានឹងម៉ូដនេះបានយ៉ាងល្អ។
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
