Admin, 25 April 2026

           ក្រុមហ៊ុន Avatr ដែលជាម៉ាករថយន្តថាមពលថ្មីកម្រិតខ្ពស់ បង្កើតឡើងដោយកិច្ចសហការរវាង Changan, Huawei និង CATL បានដាក់សម្ពោធជាផ្លូវការនូវរថយន្តប្រភេទ Wagon ដំបូងបង្អស់របស់ខ្លួនគឺ Avatr 06T កាលពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2026។ ម៉ូដែលថ្មីនេះត្រូវបានដាក់ទីតាំងជារថយន្តស្ព័រប្រភេទទេសចរណ៍ (Sports touring wagon) ដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវ ដោយមានទាំងជម្រើសអគ្គិសនីសុទ្ធ និងប្រភេទប្រើម៉ាស៊ីនសាំងជំនួយ ក្នុងតម្លៃចន្លោះពី 31,900 – 40,600 ដុល្លារអាមេរិក ។



ការរចនា និងវិមាត្រ

Avatr 06T ប្រើប្រាស់រចនាប័ទ្មដែលក្រុមហ៊ុនហៅថា “Future Sports Aesthetics” (សោភ័ណភាពស្ព័របែបអនាគត) ដែលបំផុសគំនិតដោយរូបរាងរបស់សត្វខ្លែងសម្របខ្លួនពេលហោះចុះមកក្រោម ដែលបង្កើតបានជាតួខ្លួនទាប និងរីកទទឹង។ ផ្នែកខាងមុខមានចង្កៀង LED ពីរជាន់ដែលជាអត្តសញ្ញាណរបស់ Avatr ផ្គួបជាមួយរន្ធខ្យល់រាងចតុកោណកែងខាងក្រោម។

  • វិមាត្រ: បណ្តោយប្រវែង 4,940mm, ទទឹងប្រវែង 1,960mm និងកម្ពស់ 1,455mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 2,940mm
  • លក្ខណៈពិសេស: ដៃទ្វារបង្កប់ពាក់កណ្តាល និងមានជម្រើសកញ្ចក់មើលក្រោយអេឡិចត្រូនិច ដើម្បីបង្កើនប្រសិទ្ធភាពខ្យល់ (Aerodynamics)



បច្ចេកវិទ្យាកាប៊ីន និងការបើកបរឆ្លាតវៃ

ផ្នែកខាងក្នុងបំពាក់នូវប្រព័ន្ធអេក្រង់តភ្ជាប់គ្នាចំនួន 4 រួមមាន៖ អេក្រង់រាងវែងកម្រិត 4K ទំហំ 35.4 អ៊ីញ, អេក្រង់បញ្ជាកណ្តាល 15.6 អ៊ីញ និងអេក្រង់សម្រាប់កញ្ចក់ចំហៀងអេឡិចត្រូនិចទំហំ 6.7 អ៊ីញចំនួនពីរ។

  • ប្រព័ន្ធប្រតិបត្តិការ: ប្រើប្រាស់ HarmonySpace 5 ជាមួយម៉ូដែលភាសាខ្នាតធំ MoLA ដែលគាំទ្រការបញ្ជាដោយសំឡេង និង AI
  • ការបើកបរឆ្លាតវៃ: បំពាក់ដោយប្រព័ន្ធ Huawei Qiankun ADS 4។ ម៉ូដែលខ្ពស់ៗប្រើប្រាស់ឧបករណ៍ LiDAR 896ខ្សែ របស់ Huawei ផ្គួបជាមួយរ៉ាដា 4D ដែលអាចសម្គាល់ឧបសគ្គតូចៗដែលមានកម្ពស់ត្រឹម 14 សង់ទីម៉ែត្រ ក្នុងចម្ងាយ 120 ម៉ែត្រ។


ជម្រើសកម្លាំងម៉ាស៊ីន និងសមត្ថភាព

Avatr 06T ដំណើរការដោយប្រព័ន្ធ Taihang Intelligent Control 2.0 ជាមួយជម្រើសថាមពលបីប្រភេទ៖

  1. ប្រភេទអគ្គិសនីសុទ្ធ ម៉ូទ័រភ្លោះ: ផ្តល់កម្លាំង 603 សេះ និង 673 សេះ ជាមួយអាគុយប្រភេទ LFP ដែលអាចរត់បានចម្ងាយ 652 គីឡូម៉ែត្រ និង 741 គីឡូម៉ែត្រ (CLTC)
  2. ប្រភេទអគ្គិសនីសុទ្ធ ម៉ូទ័របី: ប្រើប្រាស់ប្រព័ន្ធបើកបរវិសមភាគី (AWD) ជាមួយកម្លាំងសរុប 955 សេះ។ វាអាចស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.78 វិនាទី និងរត់បានចម្ងាយ 680 គីឡូម៉ែត្រ។
  3. ប្រភេទប្រើម៉ាស៊ីនសាំងជំនួយ (EREV): បំពាក់ម៉ាស៊ីន 1.5T ជាអ្នកសាកថ្ម ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបាន 330 គីឡូម៉ែត្រ និងមានចម្ងាយបើកបររួមគ្នាសរុប 1,250 គីឡូម៉ែត្រ។

ទោះបីជា Avatr លក់រថយន្តបាន 4,033 គ្រឿងក្នុងខែកុម្ភៈ និង 5,143 គ្រឿងក្នុងខែមីនាឆ្នាំនេះក៏ដោយ ប៉ុន្តែដោយសារសម្ពាធនៃការខាតបង់ដែលម៉ាកនីមួយៗកំពុងជួបប្រទះ ក្រុមហ៊ុន Changan បានសម្រេចចិត្តបញ្ចូលម៉ាក Avatr និង Deepal ឱ្យនៅជាមួយគ្នាក្នុងឆ្នាំនេះ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)