Admin, 11 September 2026
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចុះបញ្ជីរថយន្ត Avatr T09 ស៊េរីថ្មីជាផ្លូវការ នៅក្នុងបណ្តុំបញ្ជីចុះបញ្ជីយានយន្តថ្មីៗចុងក្រោយបង្អស់។ T09 ជារថយន្ត SUV ប្រភេទ Plug-in Hybrid (PHEV) ដែលត្រូវ បានរចនាឡើងដើម្បីអាចផ្ទុកអ្នកដំណើរបានចំនួន 6 នាក់។
វិមាត្រតួខ្លួន
រថយន្ត Avatr T09 មានវិមាត្រ៖ ប្រវែង 5,285 មីឡីម៉ែត្រ, ទទឹង 2,025 មីឡីម៉ែត្រ និងកម្ពស់ 1,810 មីឡីម៉ែត្រ ឬ 1,820 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,150 មីឡីម៉ែត្រ។ ប្រវែងទទឹងចន្លោះកង់មុខ (front track) គឺ 1,726 មីឡីម៉ែត្រ និងប្រវែងទទឹងចន្លោះកង់ក្រោយ (rear track) គឺ 1,740 មីឡីម៉ែត្រ។
យានយន្តនេះមានផ្តល់ជូននូវជម្រើសកែច្នៃតាមតម្រូវការ រួមមាន៖ ការរចនាប៉ាណាខាងមុខខុសៗគ្នា, រចនាបថយ៉ាន់កង់, កញ្ចក់ដំបូល, កាងមុខ និងកាងក្រោយ, បន្ទះការពារបាតឡាន (skid plates), ស្លាបខ្យល់ (spoilers) និងឈ្នាន់ជើងខាងចំហៀង។ អតិថិជនក៏អាចជ្រើសរើសការតុបតែងពណ៌តួខ្លួន (two-tone finish), ស្នូរដំបូល (roof rails) និងផ្លាកសញ្ញាសម្គាល់ខាងក្រៅជាក់លាក់ផងដែរ។ យានយន្តនេះត្រូវ បានបំពាក់ដោយប្រព័ន្ធប្រមូលទិន្នន័យឧបទ្ទវហេតុ (Event Data Recorder - EDR) និងគាំទ្រការដំឡើងឧបករណ៍បង់ប្រាក់ផ្លូវស្វ័យប្រវត្តិ (ETC)។
ប្រព័ន្ធថាមពល
រថយន្ត T09 មានផ្តល់ជូននូវទម្រង់ប្រព័ន្ធថាមពលចំនួនពីរ ដោយទម្រង់ទាំងពីរប្រើប្រាស់អាគុយ Ternary Lithium ទំហំ 71.24 kWh ផលិតដោយក្រុមហ៊ុន CATL។ វគ្គទាំងពីរសម្រេចបានល្បឿនអតិបរមារហូតដល់ 220 គីឡូម៉ែត្រ/ម៉ោង។
លក្ខណៈពិសេស | ជម្រើសទី 1 (Version 1) | ជម្រើសទី 2 (Version 2) |
ម៉ូដែលម៉ាស៊ីន (Engine Model) | JL469ZQ1 (1.5L) | JL478ZQ1 (2.0L) |
កម្លាំងម៉ាស៊ីន (Engine Power) | 110 kW | 155 kW |
កម្លាំងម៉ាស៊ីនសុទ្ធ (Engine Net Power) | 105 kW | 150 kW |
ទម្រង់ម៉ូទ័រ (Motor Configuration) | ម៉ូទ័រឌុប (មុខ/ក្រោយ) | ម៉ូទ័របី (មុខ/ក្រោយឆ្វេង/ក្រោយស្តាំ) |
កម្លាំងម៉ូទ័រកំពូល (Peak Motor Power) | 180 kW (241 hp) / 310 kW (416 hp) | 180 kW (241 hp) / 225 kW (302 hp) / 225 kW (302 hp) |
ទម្ងន់ឡានទទេ (Curb Weight) | 2,880 kg / 2,968 kg | 3,035 kg |
ទម្ងន់សរុបអតិបរមា (Gross Weight) | 3,505 kg | 3,630 kg |
យានយន្តនេះគាំទ្រការសាកភ្លើងពីខាងក្រៅ និងមានផ្តល់ជូនជម្រើសសំបកកង់ទំហំ 255/50R21 ឬ 275/45R22។ ព័ត៌មានអំពីតម្លៃមិនទាន់ត្រូវ បានលាតត្រដាងនៅឡើយទេ។
មតិរបស់អ្នកសម្រួលអត្ថបទ (Editor’s comment)
នៅពេលណាដែលមាននរណាម្នាក់និយាយថារថយន្តចិនខ្វះខាតនូវការរចនាបែបគំនិតដើម (original design) ខ្ញុំជាទូទៅតែងតែណែនាំឱ្យពួកគេក្រឡេកមើលម៉ូដែល Mega និង i-series របស់ Li Auto, ម៉ាក Firefly របស់ Nio ឬម៉ូដែលណាមួយរបស់ Avatr។ Avatr មានភាសារចនាផ្ទាល់ខ្លួនដ៏ពិសេសមួយ ទោះបីជាការរចនាប្លែកតែមួយមុខ មិនសូវបានជួយអ្វីច្រើនដល់ការលក់ក៏ដោយ៖ នៅក្នុងខែសីហា ក្រុមហ៊ុនលក់បានចំនួន 8,082 គ្រឿង ដែលជាការធ្លាក់ចុះ 19.7% ធៀបនឹងឆ្នាំមុន។ ខ្ញុំឆ្ងល់ថា តើនេះជាហេតុផលដែលនាំឱ្យក្រុមហ៊ុនបោះបង់ចោលភាសារចនាផ្ទាល់ខ្លួនរបស់ខ្លួន ឬយ៉ាងណា ដោយសារតែម៉ូដែល T09 មើលទៅមានលក្ខណៈស្រដៀងគ្នានឹងរថយន្ត Yangwang U8 របស់ BYD ទៅវិញ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
