Admin, 13 September 2026

                 បន្ទាប់ពីបានបើកបង្ហាញម៉ូតូ Superbike សម្រាប់ជិះលើទីលានប្រណាំង ម៉ូឌែល AMB 001 និង AMB 001 Pro រួចមក ក្រុមហ៊ុន Aston Martin និង Brough Superior ពេលនេះបានដាក់បង្ហាញម៉ូតូសម្រាប់លើផ្លូវសាធារណៈបានដោយស្របច្បាប់ (road-legal) ជាលើកដំបូងបង្អស់របស់ខ្លួន គឺម៉ូឌែល AMB 002 Roadster

ម៉ូឌែលថ្មីនេះ គឺជាផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងក្រុមហ៊ុន Aston Martin និងក្រុមហ៊ុនផលិតម៉ូតូប្រណីត Brough Superior។ អ្វីដែលធ្វើឱ្យ AMB 002 Roadster មានភាពពិសេសនោះគឺ វាជាម៉ូតូដំបូងគេបង្អស់ប្រភេទនេះ ដែលកើតចេញពីកិច្ចសហការរវាង Aston Martin និង Brough Superior។ វាត្រូវបានសង់ឡើងពីបាតគ្រឹះទទេ (from the ground up) ហើយខុសប្លែកពីម៉ូឌែល AMB 001 និង Pro ដែលចែករំលែកចំណុចស្រដៀងគ្នាច្រើន ម៉ូឌែល Roadster មានរូបរាងស្ទីលខុសប្លែកស្រឡះទាំងស្រុង។

ម៉ូឌែលថ្មីនេះ ត្រូវបានកំណត់ការផលិតត្រឹមតែ 300 គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយការប្រគល់ម៉ូតូជុំដំបូងត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2027។ ផ្អែកលើព័ត៌មាននេះ យើងអាចរំពឹងថានឹងឃើញ AMB 002 Roadster ឈានចូលដល់ដៃអតិថិជននាឆមាសក្តៅឆ្នាំមុខ។

កម្លាំង និងគ្រឿងបំពាក់ពិសេស

បេះដូងនៃម៉ូឌែល Roadster គឺជាម៉ាស៊ីន V-Twin ត្រជាក់ដោយទឹក ទំហំ 1,083cc ថ្មីស្រឡាង ដែលផលិតកម្លាំងសេះបាន 130 bhp និងកម្លាំងរមួល 81 lb-ft (110 ញូតុនម៉ែត្រ)។ ម៉ាស៊ីននេះត្រូវបានបំពាក់នៅលើគ្រោងឆ្អឹងទីតានីញ៉ូម (titanium frame) ដែលជាចំណុចលេចធ្លោបំផុតមួយនៃម៉ូតូ ដោយសារគ្រោងឆ្អឹងទាំងមូលមានទម្ងន់ត្រឹមតែ 5 គីឡូក្រាម ប៉ុណ្ណោះ ទទួលបានពីការរចនាច្នៃចេញពីដែកទីតានីញ៉ូមរឹង (solid billet)

ទោះបីជាមើលពីខាងក្រៅ វាមានអត្តសញ្ញាណយ៉ាងច្បាស់របស់ Aston Martin ក៏ដោយ ប៉ុន្តែវាត្រូវបានរចនា កែច្នៃ និងដំឡើងដោយផ្ទាល់នៅក្នុងទីស្នាក់ការកណ្តាលរបស់ Brough Superior ក្នុងទីក្រុង Toulouse ប្រទេសបារាំង។

ភាពពេញលេញដោយចំណុចលម្អិតដ៏ប្លែកភ្នែក ម៉ូឌែល AMB 002 Roadster ក៏មានបំពាក់ប្រព័ន្ធបូមមុខដៃគ្រវាត់ឌុប ‘Fior fork’ ដ៏លេចធ្លោផងដែរ។ ការរចនាបែប Fior ដំណើរការដោយការបំបែកកម្លាំងបញ្ជាចង្កូត និងកម្លាំងចាប់ហ្វ្រាំងចេញពីគ្នា ដែលជួយឱ្យអ្នកជិះអាចគ្រប់គ្រងផ្នែកខាងមុខនៃម៉ូតូបានកាន់តែល្អ។ នេះគឺជាការវិវឌ្ឍនៃប្រព័ន្ធដែលធ្លាប់មាននៅលើម៉ូឌែល AMB 001 Pro ហើយវារួមបញ្ចូលទាំងបច្ចេកវិទ្យាទប់ទល់ការទម្លាក់ចុះ (anti-dive technology) ដែលផ្តល់នូវ «ស្ថិរភាពដ៏អស្ចារ្យនៅពេលចាប់ហ្វ្រាំង» នេះបើយោងតាមក្រុមហ៊ុន Aston Martin

ការរចនា និងភាពប្រណីត

ម៉ូតូនីក៏មានបំពាក់បន្ទះតួខ្លួនធ្វើពីកាបោនហ្វាយបឺ (carbon fibre) ព្រមទាំងគ្រឿងបន្លាស់កាបោនហ្វាយបឺនៅលើធុងសាំងផងដែរ។

ជាចុងក្រោយ ម៉ូតូថ្មីនេះមានបំពាក់នូវប្រព័ន្ធភ្លើងក្រោយ ដែលជាប្រភេទដូចគ្នានឹងប្រព័ន្ធភ្លើងដែលប្រើប្រាស់នៅលើរថយន្ត Hypercar របស់ Aston Martin ដូចជាម៉ូឌែល Vulcan, Valkyrie និង Valhalla។ មុខងារសោឆ្លាតវៃ (Keyless) ក៏ត្រូវបានរាប់បញ្ចូលដែរ រួមជាមួយនឹងប៊ូតុងបញ្ឆេះមានភ្លើងបំភ្លឺពីខាងក្រោយ និងទ្រនាប់កែបស្បែកធ្វើដោយដៃយ៉ាងប្រណីត។

លោក Marek Reichman អនុប្រធានប្រតិបត្តិ និងជានាយកផ្នែកច្នៃប្រឌិត (Chief Creative Officer) របស់ Aston Martin បានមានប្រសាសន៍អំពីម៉ូតូជិះលើផ្លូវសាធារណៈដំបូងបង្អស់របស់ក្រុមហ៊ុនថា៖

«បន្ទាប់ពីបានបង្កើតម៉ូតូសម្រាប់ទីលានប្រណាំងដ៏អស្ចារ្យបំផុតចំនួនពីរគឺ AMB 001 និង AMB 001 Pro វាគឺជាក្តីស្រមៃរយៈពេលវែងរបស់យើងក្នុងការបង្កើតម៉ូតូ Aston Martin សម្រាប់ជិះលើផ្លូវសាធារណៈ។ តាមរយៈការបូកបញ្ចូលគ្នានូវសោភ័ណភាពរចនាដ៏ក្លាហាន និងច្នៃប្រឌិតបច្ចេកទេសត្រួសត្រាយផ្លូវ ដែលជាអត្តសញ្ញាណរបស់ Aston Martin និង Brough Superior កន្លងមក ម៉ូឌែល AMB 002 គឺជាការបង្ហាញយ៉ាងច្បាស់នៃចំណង់ចំណូលចិត្តរួមគ្នារបស់យើងចំពោះម៉ាស៊ីនដែលមានរូបរាងដូចចម្លាក់ និងពោរពេញដោយភាពទាក់ទាញ។

វាសន្យាថានឹងផ្តល់ជូននូវបទពិសោធន៍នៃការកាត់កាប់ និងការបើកបរដ៏ពិសេសតែមួយគត់នៅក្នុងពិភពម៉ូតូ។ វាគឺជាម៉ូតូជិះលើផ្លូវដ៏ទាក់ទាញដែលមិនអាចទប់ទល់បាន សម្រាប់ទាំងអ្នកជិះម៉ូតូដ៏ពូកែ និងអ្នកប្រមូលទិញម៉ូតូកម្រិតខ្ពស់»




ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors