Admin, 04 May 2026
Arcfox ដែលជាម៉ាកយីហោរងរបស់ក្រុមហ៊ុន Beijing Automotive Group (BAIC) បានប្រកាសចាប់ផ្តើមការលក់សាកល្បង (pre-sales) សម្រាប់រថយន្ត MPV ម៉ូដែល Wendao V9 របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ឆ្នាំ 2026 ដែលកំពុងប្រព្រឹត្ត។ Wendao V9 គឺជារថយន្ត MPV ប្រណីតដំបូងគេបង្អស់របស់ម៉ាកយីហោនេះ ក៏ដូចជាសម្រាប់ក្រុមហ៊ុន BAIC ផងដែរ។ វាជារថយន្ត MPV ខ្នាតធំ 7 កៅអី ប្រភេទអគ្គិសនី EREV ដែលមានតម្លៃចន្លោះប្រហែល 32,200 ដល់ 42,000 ដុល្លារអាមេរិក។ Arcfox ក៏បានអះអាងផងដែរថា ខ្លួនទទួលបានការបញ្ជាទិញជាង 8,000 គ្រឿង ក្នុងរយៈពេលត្រឹមតែ 48 ម៉ោងប៉ុណ្ណោះ ខណៈដែលអ្នកទិញត្រូវបង់ប្រាក់កក់ចំនួន ប្រហែល 730 ដុល្លារដើម្បីកក់ទុកមុន។
រូបរាងខាងក្រៅ និងផ្នែកខាងក្នុង
Arcfox បានជ្រើសរើសការរចនាបែបអភិរក្សនិយមសម្រាប់ Wendao V9 ដោយមានប៉ាណាខាងមុខធំ លម្អដោយក្រូម៉េ និងពណ៌តួខ្លួន dual-tone។ រូបរាងខាងក្រៅរបស់វាមានលក្ខណៈស្រដៀងទៅនឹងគូប្រជែងក្នុងស្រុកដូចជា Denza D9 របស់ BYD និង Wey G9 របស់ GWM។ ផ្នែកខាងក្នុងក៏ត្រូវបានរចនាឡើងយ៉ាងសាមញ្ញតែទាន់សម័យ (tech-minimalist) ដោយប្រើប្លង់កៅអី 2+2+3។ នៅជួរខាងមុខមានអេក្រង់កម្សាន្តទំហំ 15.6 អ៊ីញ ប៉ុន្តែដូចជារថយន្ត MPV ប្រណីតទូទៅដែរ ការយកចិត្តទុកដាក់ខ្លាំងគឺផ្តោតលើផាសុកភាពនៃកៅអីជួរទីពីរ។
អ្នកដំណើរជួរទីពីរនឹងរីករាយជាមួយកៅអីដែលអាចផ្អៀងបាន មានប្រព័ន្ធខ្យល់ចេញចូល និងប្រព័ន្ធកម្ដៅ រួមជាមួយកន្លែងសម្រាកជើង និងប្រព័ន្ធម៉ាស្សា 16 ចំណុច។ លើសពីនេះ ក៏មានទូទឹកកកនៅចំកណ្តាល និងតុបត់នៅខាងក្រោយកៅអីខាងមុខ។ អេក្រង់កម្សាន្តមួយទៀតក៏ត្រូវបានបំពាក់នៅលើដំបូលដែលអាចទម្លាក់ចុះក្រោមបានផងដែរ។
ប្រព័ន្ធថាមពល និងសមត្ថភាព
រថយន្ត MPV នេះមានបួនជម្រើស (trims) ដែលខុសគ្នាជាចម្បងលើប្រភេទ និងទំហំអាគុយ។ ស៊េរីទាបប្រើអាគុយប្រភេទ LFP ទំហំ 37 kWh ដែលអាចបើកបរបានចម្ងាយ 216 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC) ចំណែកស៊េរីខ្ពស់ប្រើអាគុយប្រភេទ NMC ទំហំ 53.4 kWh ដែលបង្កើនចម្ងាយបើកបរដល់ 315 គីឡូម៉ែត្រ។ អាគុយទាំងពីរប្រភេទផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ហើយទោះបីជាគ្រប់ស៊េរីប្រើប្រព័ន្ធ 400V ក៏ដោយ ក៏ Arcfox អះអាងថាការសាកថ្មពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។
Wendao V9 ប្រើម៉ាស៊ីនសាំងជំនួយ (range extender) ចំណុះ 1.5 លីត្រ turbocharged 4 ស៊ីឡាំង ដែលផលិតកម្លាំងបាន 118 kW (158 សេះ)។ វាត្រូវបានផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុន Huawei នៅផ្នែកខាងក្រោយ ដែលមានកម្លាំង 227 kW (304 សេះ)។ Wendao V9 មានតែជម្រើសបើកបរដោយកង់ក្រោយ (RWD) ប៉ុណ្ណោះ។ គ្រប់ស៊េរីទាំងអស់អាចរត់បានល្បឿនអតិបរមា 190 គីឡូម៉ែត្រ/ម៉ោង។
តួឡាន និងទំហំ
រថយន្តនេះមានទម្ងន់ចន្លោះពី 2,525 ដល់ 2,580 គីឡូក្រាម និងមានវិមាត្រ៖ បណ្តោយប្រវែង 5,300mm ទទឹងប្រវែង 1,980mm កម្ពស់ 1,850mm និងប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,200mm។ Arcfox អះអាងថា Wendao V9 មានគ្រោងដែកការពារ (rollcage) ជាប់ជាមួយតួឡាន ដែលជួយបង្កើនភាពរឹងមាំ និងសុវត្ថិភាព។
ចំពោះប្រព័ន្ធជើងក្រោម Arcfox បានបំពាក់បូមមុខប្រភេទ double wishbone ធ្វើពីអាលុយមីញ៉ូម និងបូមក្រោយ multi-link ខណៈស៊េរីខ្ពស់បំផុតទទួលបានប្រព័ន្ធបូមផ្អែកលើមេដែក (magnetorheological adaptive suspension) ដែលអាចកែសម្រួលភាពទន់រឹងបានដល់ 1,000 ដងក្នុងមួយវិនាទី។
អំពី Arcfox និង Wendao V9
Arcfox គឺជាម៉ាកយីហោរងសម្រាប់រថយន្តថាមពលថ្មី (NEV) របស់ BAIC ដែលមានផលិតផលដូចជា រថយន្ត Sedan 3 ម៉ូដែល, SUV 3 ម៉ូដែល និង MPV 3 ម៉ូដែល។ Wendao V9 គឺជា MPV ទីបីរបស់ Arcfox ប៉ុន្តែវាជា MPV ប្រណីតដំបូងគេ និងជារថយន្តដែលមានទំហំធំបំផុត និងតម្លៃថ្លៃបំផុតរបស់ម៉ាកនេះ។
យោងតាមទិន្នន័យ China EV DataTracker បានឱ្យដឹងថា Arcfox បានប្រគល់រថយន្តចំនួន 15,307 គ្រឿងក្នុងស្រុក កាលពីខែមីនា ឆ្នាំ 2026។ ការលក់បានកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ 2025 ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅខែមករា និងកុម្ភៈ ដោយសារពិធីបុណ្យចូលឆ្នាំចិន មុនពេលងើបឡើងវិញដល់កម្រិតជាង 10,000 គ្រឿងក្នុងខែមីនា។
Arcfox មានមហិច្ឆតាច្បាស់លាស់ក្នុងការវាយលុកទីផ្សារកម្រិតខ្ពស់។ ពេលវេលានឹងបង្ហាញថា តើ Arcfox និង BAIC អាចទទួលបានជោគជ័យជាមួយ Wendao V9 ដើម្បីដណ្តើមអតិថិជនពីគូប្រជែងដូចជា Denza D9 របស់ BYD, Wey G9 របស់ GWM ឬ E9 របស់ GAC បានដែរឬទេ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
