Admin, 10 June 2026
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ប្រទេសចិនបានបង្កើតប្រព័ន្ធរោងចក្រឆ្លាតវៃចំនួនបួនកម្រិត (four-tier smart factory system) និងបានពង្រីកការដាក់ពង្រាយយ៉ាងទូលំទូលាយនៅក្នុងវិស័យផលិតកម្ម។ ក្របខ័ណ្ឌការងារនេះ បច្ចុប្បន្នរួមមាន៖ រោងចក្រកម្រិតមូលដ្ឋាន (Basic-level) ចំនួន 35,000 កន្លែង, រោងចក្រកម្រិតជឿនលឿន (Advanced-level) ជាង 8,200 កន្លែង, រោងចក្រកម្រិតល្អឥតខ្ចោះ (Excellence-level) ជាង 500 កន្លែង និងក្រុមហ៊ុនចំនួន 15 ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីបណ្តុះបណ្តាលរោងចក្រឆ្លាតវៃឈានមុខ (Leading Smart Factory Cultivation Program)។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតម្រង់ទិសដៅក្រុមក្រុមហ៊ុនផលិតកម្ម ពីការធ្វើឌីជីថលនីយកម្ម និងការតភ្ជាប់បណ្តាញ ទៅកាន់កម្រិតស្វ័យប្រវត្តកម្ម និងការផលិតបែបឆ្លាតវៃ (intelligent manufacturing) ខ្ពស់ជាងមុន។ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បង្ហាញថា រោងចក្រដែលបានចូលរួមក្នុងកម្មវិធីនេះ បានកាត់បន្ថយអត្រាផលិតផលមានបញ្ហា (defect rates) ជាមធ្យម 47% ខណៈពេលដែលកាត់បន្ថយវដ្តនៃការអភិវឌ្ឍផលិតផល (product development cycles) ជាមធ្យមបាន 38%។
រចនាសម្ព័ន្ធទាំងបួនកម្រិតនេះ ក៏ដើរតួជាវិថីសម្រាប់វាយតម្លៃបច្ចេកវិទ្យាឧស្សាហកម្មកាន់តែទំនើបផងដែរ។ បច្ចុប្បន្ន សមត្ថភាពនៃការអនុវត្តប្រព័ន្ធ AI ត្រូវបានបញ្ចូលទៅក្នុងលក្ខវិនិច្ឆ័យវាយតម្លៃសម្រាប់រោងចក្រកម្រិត ល្អឥតខ្ចោះ (Excellence) និងរោងចក្រកម្រិត ឈានមុខ (Leading) ដោយកម្រិតកំណត់ (thresholds) ត្រូវបានគ្រោងនឹងដំឡើងឱ្យកាន់តែខ្ពស់បន្ថែមទៀតតាមពេលវេលា។
ឧបករណ៍ផលិតកម្មវិវត្តខ្លួនទៅជាភ្នាក់ងារ AI ឧស្សាហកម្ម (Industrial AI Agents)
ការដាក់ពង្រាយថ្មីៗនេះ បង្ហាញពីការផ្លាស់ប្តូរហួសពីប្រព័ន្ធស្វ័យប្រវត្តកម្មរោងចក្របែបបុរាណ ទៅកាន់ប្រព័ន្ធដែលមានសមត្ថភាពវិភាគ និងគាំទ្រការធ្វើសេចក្តីសម្រេចចិត្តដោយស្វ័យប្រវត្ត។
នៅឯរោងចក្រកម្រិតល្អឥតខ្ចោះ (Excellence-level) មួយ កាន់កាប់ដោយក្រុមហ៊ុន TBEA Shenyang Transformer Group ប្រព័ន្ធឌីជីថលរួមបញ្ចូលគ្នាបានភ្ជាប់ដំណើរការនៃការបង្កើតរូបភាពគំរូ (simulation), ការរៀបចំកាលវិភាគផលិតកម្ម, ការអនុវត្ត និងការត្រួតពិនិត្យ។ មូលដ្ឋានអាជីវកម្មនេះបានរាយការណ៍ពីការកាត់បន្ថយវដ្តនៃការអភិវឌ្ឍផលិតផលបាន21% និងការកើនឡើងប្រសិទ្ធភាពផលិតកម្មដល់ទៅ 40%។ ក្រុមហ៊ុនបានបង្កើតក្បួនដោះស្រាយ (algorithms) ដែលវាយតម្លៃសុខភាពម៉ាស៊ីនប្លង់ដូ (transformer) ជាបន្តបន្ទាប់ដោយប្រើប្រាស់ទិន្នន័យប្រតិបត្តិការជាក់ស្តែង។ ប្រព័ន្ធនេះអាចបញ្ចេញការព្រមានជាមុនពី 8 ទៅ 12 ម៉ោង មុនពេលបញ្ហាដែលអាចកើតមានលេចឡើង ដែលអនុញ្ញាតឱ្យក្រុមការងារថែទាំអាចចូលទៅអន្តរាគមន៍បានទាន់ពេលវេលា។
និន្នាការស្រដៀងគ្នានេះ ក៏កំពុងលេចចេញជារូបរាងឡើងនៅក្នុងវិស័យកសាងនាវាផងដែរ។ នៅឯក្រុមហ៊ុន Hengli Shipbuilding ក្នុងទីក្រុងដាលីន (Dalian) ប្រព័ន្ធឌីជីថលបានភ្ជាប់ទំនាក់ទំនងរវាងការរចនា, ការរៀបចំផែនការ, ការលទ្ធកម្ម, ខ្សែសង្វាក់ផ្គត់ផ្គង់, ផលិតកម្ម និងហិរញ្ញវត្ថុ។ ភារកិច្ចដែលពីមុនធ្លាប់ទាមទារអ្នករៀបចំផែនការពីរនាក់ធ្វើការលើសពីពីរសប្តាហ៍ ឥឡូវនេះអាចត្រូវបានបំពេញស្ទើរតែទាំងស្រុងដោយកម្មវិធី AI ក្នុងរយៈពេលប្រហែល 30 នាទីប៉ុណ្ណោះ ដោយបុគ្គលិកគ្រាន់តែផ្តោតលើការផ្ទៀងផ្ទាត់ និងការកែសម្រួលបន្ថែមបន្តិចបន្តួច។
មន្ត្រីរបស់ក្រសួង MIIT បានថ្លែងថា ការអភិវឌ្ឍនាពេលអនាគតនឹងសង្កត់ធ្ងន់លើគំរូគ្រឹះឧស្សាហកម្ម (industrial foundation models), គំរូ AI ជាក់លាក់តាមវិស័យ និងកញ្ចប់ទិន្នន័យឧស្សាហកម្មដែលមានគុណភាពខ្ពស់។ ក្រសួងក៏គ្រោងនឹងបង្កើនល្បឿននៃការវិវត្តរបស់រ៉ូបូត, ម៉ាស៊ីនឧបករណ៍ (machine tools) និងប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម ទៅកាន់មុខងារ "ភ្នាក់ងារឆ្លាតវៃ" (intelligent agent) ដែលមានភាពឯករាជ្យ និងស្វ័យប្រវត្តខ្ពស់ជាងមុន។
រថយន្តថាមពលថ្មី (NEVs) ស្ថិតក្នុងចំណោមវិស័យអាទិភាព
រថយន្តថាមពលថ្មី គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលត្រូវបានកំណត់អត្តសញ្ញាណសម្រាប់រោងចក្រកម្រិតឈានមុខ (Leading factories) នាពេលអនាគត និងការដាក់ពង្រាយប្រព័ន្ធ AI ឧស្សាហកម្មខ្នាតធំ។
វិស័យយានយន្តរបស់ប្រទេសចិនបានក្លាយជាគំរូបង្ហាញសម្រាប់ការផលិតកម្រិតខ្ពស់រួចទៅហើយ។ កាលពីឆ្នាំ 2025 កន្លងទៅ មានរបាយការណ៍ថារោងចក្រដែលបំពាក់បច្ចេកវិទ្យា 5G AI របស់ម៉ាកយីហោ Avatr អាចផលិតយានយន្តបានមួយគ្រឿង រៀងរាល់ 60 វិនាទីម្តង តាមរយៈដំណើរការផលិតកម្មដែលមានកម្រិតស្វ័យប្រវត្តកម្មខ្ពស់។ រោងចក្រផលិតរថយន្តអគ្គិសនីរបស់ Xiaomi ក៏បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំងផងដែរ ដោយការទស្សនារោងចក្របានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកទស្សនាដែលចង់សង្កេតមើលការផលិតយានយន្តដោយស្វ័យប្រវត្តខ្នាតធំ។ គម្រោងទាំងនេះបានបង្ហាញពីរបៀបដែល AI, គ្រោងប្រព័ន្ធអ៊ីនធឺណិតឧស្សាហកម្ម (industrial internet platforms), ប្រព័ន្ធឌីជីថលភ្លោះ (digital twins) និងប្រព័ន្ធផលិតកម្មតភ្ជាប់បណ្តាញ កំពុងត្រូវបានបញ្ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មយានយន្តកាន់តែខ្លាំងឡើង។
ក្រៅពីការផលិតយានយន្ត ផែនការមេរបស់ក្រសួង MIIT ក៏គ្របដណ្តប់លើគ្រឿងបរិក្ខារដឹកជញ្ជូនតាមផ្លូវរថភ្លើង, វិស័យអវកាស, ការកសាងនាវាបច្ចេកវិទ្យាខ្ពស់, ដែកថែប និងគីមីឥន្ធនៈផងដែរ។
ទិន្នន័យផ្លូវការបង្ហាញថា គ្រឿងបរិក្ខារផលិតកម្មឆ្លាតវៃ, កម្មវិធីឧស្សាហកម្ម (industrial software) និងឧស្សាហកម្មដំណោះស្រាយប្រព័ន្ធរបស់ប្រទេសចិន បានកើនឡើងលើសពី 665 ពាន់លានដុល្លារអាមេរិក ខណៈដែលទីផ្សារសេវាកម្មរួមបញ្ចូលប្រព័ន្ធ (system integration services) បានកើនហួសពី 118 ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យការផលិតឆ្លាតវៃ ក្លាយជាវិស័យបច្ចេកវិទ្យាឧស្សាហកម្មធំបំផុតមួយរបស់ប្រទេស។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
