Admin, 08 May 2026

អត្ថបទភ្ជាប់ជាមួួយ៖​ចំណុចទាំង 10 ពីពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ដែលធ្វើឱ្យពិភពលោកត្រូវព្រួយបារម្ភ   

​​​​​​​​​​                           ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026៖ រថយន្ត 1,451 គ្រឿង លើផ្ទៃដី 380,000 ម៉ែត្រការ៉េ

  ​​​​​​          យោងតាមទិន្នន័យផ្លូវការ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 (2026 Beijing Auto Show) បានបញ្ចប់ទៅកាលពីថ្ងៃទី 3 ខែឧសភា បន្ទាប់ពីដំណើរការអស់រយៈពេល 10 ថ្ងៃ ដោយទាក់ទាញអ្នកចូលទស្សនាបានដល់ទៅ 1.28 លាននាក់ និងបានបង្កើតកំណត់ត្រាពិភពលោកថ្មីទាំងលើទំហំនៃការតាំងពិព័រណ៍ និងចំនួនអ្នកចូលរួម។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "បើកបរយុគសម័យ អនាគតដ៏ឆ្លាតវៃ" (Driving the Era, Smart Future) ដោយប្រព្រឹត្តទៅនៅទីតាំងពីរផ្សេងគ្នាគឺ មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិចិន (Shunyi) និងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិរដ្ឋធានី។ ការរៀបចំនៅទីតាំងទាំងពីរនេះមានផ្ទៃក្រឡាសរុប 380,000 ម៉ែត្រការ៉េ និងមានសាលតាំងពិព័រណ៍ចំនួន 17ដែលជាការគ្របដណ្តប់ផ្ទៃដីធំបំផុតមិនធ្លាប់មានសម្រាប់ពិព័រណ៍រថយន្តនៅលើពិភពលោក។

រថយន្តសរុបចំនួន 1,451 គ្រឿងត្រូវបានដាក់បង្ហាញ រួមមានការបង្ហាញខ្លួនដំបូងជាសកលចំនួន 181 ម៉ូដែល និងរថយន្តគំរូ (concept cars) ចំនួន 71 គ្រឿង។

ការចូលរួមពីអន្តរជាតិ

ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាពីបរទេសចំនួន 65,000 នាក់ និងតំណាងប្រព័ន្ធផ្សព្វផ្សាយចំនួន 32,000 នាក់ ក្នុងនោះមាន 4,125 នាក់មកពីស្ថាប័នអន្តរជាតិ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ សន្និសីទសារព័ត៌មានចំនួន 219 ត្រូវបានប្រារព្ធឡើង រួមជាមួយវេទិកាឧស្សាហកម្ម កិច្ចប្រជុំកំពូល និងវគ្គជំនួបពិភាក្សាអាជីវកម្មជាង 50 ផ្សេងទៀត។

អ្នកចូលរួមរួមមាន ក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនបច្ចេកវិទ្យាមកពី 21 ប្រទេស និងតំបន់ ដែលគ្របដណ្តប់លើការអភិវឌ្ឍយានយន្ត គ្រឿងបង្គំស្នូល និងប្រព័ន្ធឆ្លាតវៃ។

ទិសដៅបច្ចេកវិទ្យា

ការដាក់បង្ហាញនៅក្នុងពិព័រណ៍នេះបានផ្ដោតសំខាន់លើការប្រើប្រាស់ថាមពលអគ្គិសនី និងការអភិវឌ្ឍយានយន្តឆ្លាតវៃ។ បច្ចេកវិទ្យាអាគុយដែលបានដាក់បង្ហាញ រួមមានប្រព័ន្ធជំនាន់ថ្មីដែលមានដង់ស៊ីតេថាមពលលើសពី 400 Wh/kg និងត្រូវបានអះអាងថាអាចបើកបរបានចម្ងាយជាង 1,500 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌសាកល្បង។ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន (សាកពេញក្នុងរយៈពេលតិចជាង 10 នាទី) និងការសាកថ្មក្នុងសីតុណ្ហភាពទាបដល់ដក 30អង្សាសេ ក៏ត្រូវបានបង្ហាញផងដែរ។

ចំពោះការបើកបរឆ្លាតវៃ ក្រុមហ៊ុនជាច្រើនបានបង្ហាញពីប្រព័ន្ធកុំព្យូទ័រមជ្ឈិម ការបញ្ជ្រាបបច្ចេកវិទ្យា AI ច្រើនទម្រង់ និងការអនុវត្តការបើកបរស្វ័យប្រវត្តិកម្រិតទី 3 (L3) នៅក្នុងបរិយាកាសគ្រប់គ្រង ឬកំណត់ជាក់លាក់។ ប្រព័ន្ធ LiDAR និងផ្នែករឹងជំនួយការបើកបរទំនើបៗ ត្រូវបានបំពាក់យ៉ាងទូលំទូលាយនៅលើរថយន្តស៊េរីមធ្យម និងស៊េរីខ្ពស់។

ចំណុចលេចធ្លោនៃផលិតផលសំខាន់ៗ

ពិព័រណ៍នេះមានវត្តមានរថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្តដែលមានសមត្ថភាពខ្ពស់ជាច្រើនប្រភេទ។ ក្នុងចំណោមការវិវត្តដែលគួរឱ្យកត់សម្គាល់ ក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្តស្ព័រអគ្គិសនីកំពូល Yangwang U9 Xtreme របស់ខ្លួនត្រូវបានលក់ក្នុងតម្លៃ ប្រហែល 2,760,000 ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់បំផុតសម្រាប់រថយន្តផលិតកម្មក្រោមម៉ាកយីហោ BYD មកទល់បច្ចុប្បន្ន។

ការជំរុញក្នុងឧស្សាហកម្ម

ការរៀបចំឆ្នាំ 2026 នេះបានបន្តនិន្នាការនៃការកើនឡើងនូវទំហំ និងដង់ស៊ីតេបច្ចេកវិទ្យានៅក្នុងពិព័រណ៍រថយន្តធំៗរបស់ចិន។ តួលេខចុងក្រោយបានបញ្ជាក់ថា ព្រឹត្តិការណ៍នៅទីក្រុងប៉េកាំងនេះ គឺជាពិព័រណ៍រថយន្តដ៏ធំបំផុតនៅលើពិភពលោក បើគិតតាមផ្ទៃដីតាំងពិព័រណ៍ និងចំនួនយានយន្ត។

ក្រុមហ៊ុនផលិតរថយន្តបានប្រើប្រាស់វេទិកានេះដើម្បីបង្ហាញពីការធ្វើបច្ចុប្បន្នភាពលើការប្រើថាមពលអគ្គិសនី ការបើកបរដោយស្វ័យប្រវត្តិ និងវិស្វកម្មសមត្ថភាពខ្ពស់ ដោយមានការចូលរួមពីទាំងម៉ាកយីហោល្បីៗដែលមានស្រាប់ និងក្រុមហ៊ុនថ្មីៗ។

បរិបទនៃទិន្នន័យ

យោងតាម China EV DataTracker ទីផ្សាររថយន្តអគ្គិសនី (EV) របស់ប្រទេសចិនបានបង្ហាញពីនិន្នាការចម្រុះក្នុងខែមេសា ឆ្នាំ 2026 ដោយក្រុមក្រុមហ៊ុនធំៗមួយចំនួនទទួលបានកំណើនធៀបនឹងខែមុន ប៉ុន្តែមានលទ្ធផលខុសៗគ្នាធៀបនឹងឆ្នាំមុន។ BYD នៅតែជាអ្នកលក់ដាច់បំផុត ខណៈដែល Geely Auto, Chery NEV, Changan និង Leapmotor សុទ្ធតែទទួលបានកំណើនធៀបនឹងឆ្នាំមុន (YoY)។ ផ្ទុយទៅវិញ Xpeng មានការធ្លាក់ចុះ ចំណែកឯ Li Auto និង Nio រក្សាបាននូវស្ថិរភាព និងកំណើនកម្រិតមធ្យម។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)