Admin, 23 April 2026

             យោងតាមសារព័ត៌មាន Science and Technology Daily ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានជីង (Nanjing Tech University) បានបង្កើតសម្ភារៈអ៊ីសូឡង់អាគុយលីចូម ដែលមានសមត្ថភាពទប់ទល់នឹងសីតុណ្ហភាពរហូតដល់ 1,300 អង្សាសេ។

ការពង្រឹងសុវត្ថិភាពអាគុយ

សម្ភារៈនេះគឺជាបន្ទះអ៊ីសូឡង់ដែលមានមូលដ្ឋានលើ Silica aerogel ដែលត្រូវបានរចនាឡើងដើម្បីពន្យឺតការចម្លងកម្តៅរវាងកោសិកាអាគុយលីចូម-អីយ៉ុង (Lithium-ion) ក្នុងអំឡុងពេលមានបញ្ហាកម្តៅ (Thermal runaway)។ ក្នុងករណីបែបនេះ សីតុណ្ហភាពកោសិកាអាចហក់ឡើងខ្លាំងក្នុងរយៈពេលតែប៉ុន្មានវិនាទី និងរាលដាលដល់កោសិកាដែលនៅក្បែរនោះ។

តាមរយៈការធ្វើតេស្ត បន្ទះដែលមានកម្រាស់ 2.3 មីលីម៉ែត្រ នៅពេលដាក់ឱ្យប៉ះនឹងកម្តៅ 1,000 អង្សាសេ រយៈពេល 5 នាទី បានរក្សាសីតុណ្ហភាពនៅផ្នែកម្ខាងទៀតឱ្យនៅក្រោម 100 អង្សាសេ។ សម្ភារៈនេះអាចរក្សាការការពារកម្តៅបានរហូតដល់រយៈពេល 2 ម៉ោង។ កាលពីមុន ដំណោះស្រាយ Aerogel សម្រាប់អាគុយជាទូទៅអាចដំណើរការបានត្រឹមតែប្រហែល 300 អង្សាសេប៉ុណ្ណោះ ដែលវានៅទាបជាងកម្រិតកម្តៅនៃការឆេះអាគុយជាក់ស្តែង (ចន្លោះពី 650 ទៅ 1,000 អង្សាសេ)។ កំណែថ្មីនេះបានបង្កើនកម្រិតទប់ទល់ពី 650 អង្សាសេ ដល់ 1,300 អង្សាសេ។

ប្រសិទ្ធភាព និងភាពធន់នៃសម្ភារៈ

រចនាសម្ព័ន្ធរបស់ Aerogel រួមមានបណ្តាញរន្ធតូចៗកម្រិតណាណូ ដែលមានខ្យល់ប្រហែល 99% ដែលជួយកម្រិតការចម្លងកម្តៅ។ ក្រុមស្រាវជ្រាវបានកែលម្អភាពធន់នឹងកម្តៅដោយការពង្រឹងរចនាសម្ព័ន្ធនេះ និងកែសម្រួលលក្ខខណ្ឌកាតាលីករក្នុងកំឡុងពេលសំយោគ។

ដើម្បីដោះស្រាយបញ្ហាភាពស្រួយ (Brittleness) សម្ភារៈនេះត្រូវបានបង្កើតឡើងឱ្យមានសមត្ថភាពបត់បែនបានលើសពី 90% ខណៈពេលដែលរក្សាបាននូវស្ថេរភាពរចនាសម្ព័ន្ធ។ ចំណុចនេះមានភាពស៊ីគ្នាជាមួយនឹងប្រតិបត្តិការរបស់អាគុយ ដែលកោសិកាតែងតែមានការរីក និងរួមមាឌដដែលៗ។

ការកែលម្អការផលិត និងការប្រើប្រាស់ក្នុងឧស្សាហកម្ម

សម្ភារៈ Aerogel នេះត្រូវបានប្រើប្រាស់រួចហើយនៅក្នុងប្រព័ន្ធអាគុយរបស់ក្រុមហ៊ុន CATL, BYD, Sungrow និង Xiaomi។ ក្រៅពីប្រើលើរថយន្ត EV វាក៏អាចយកទៅប្រើប្រាស់ក្នុងវិស័យអវកាស និងបរិយាកាសឧស្សាហកម្មដែលមានសីតុណ្ហភាពខ្ពស់ផងដែរ។

ការអភិវឌ្ឍនេះស្របពេលជាមួយនឹងការរីកចម្រើនយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាអាគុយ។ ជាក់ស្តែង ក្រុមហ៊ុន Svolt របស់ GWM បានចាប់ផ្តើមផលិតអាគុយប្រភេទ PHEV ទំហំ 80 គីឡូវ៉ាត់ម៉ោង (kWh) ជាទ្រង់ទ្រាយធំ ដែលជាអាគុយដ៏ធំបំផុតមួយសម្រាប់រថយន្ត Plug-in Hybrid

បរិបទគោលនយោបាយ និងទិន្នន័យ

ផែនការ "5 ឆ្នាំលើកទី 15" របស់ប្រទេសចិន បានកំណត់យកសម្ភារៈជឿនលឿន និងថាមពលថ្មីជាវិស័យយុទ្ធសាស្ត្រ។ អ៊ីសូឡង់ Aerogel កំពុងវិវត្តពីសមាសភាគជម្រើសកម្រិតខ្ពស់ ទៅជាសម្ភារៈដែលត្រូវប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធអាគុយ។

យោងតាមទិន្នន័យពី China EV DataTracker ការប្រើប្រាស់អាគុយនៅក្នុងប្រទេសចិននៅតែបន្តគ្រប់គ្រងដោយប្រភេទ LFP (Lithium Iron Phosphate)។ ក្នុងខែមីនា ឆ្នាំ 2026 ការដំឡើងអាគុយសរុបសម្រេចបាន 56.5 GWh ដែលក្នុងនោះអាគុយ LFP មានចំនួន 45.8 GWh ឬស្មើនឹង 81.1% នៃចំណែកទីផ្សារសរុប៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)