Admin, 01 May 2026

"ចំណុចសំខាន់ៗទាំង 10 ពីពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026" ដែលជាសញ្ញាព្រមានសម្រាប់ក្រុមហ៊ុនយក្សនៅ Detroit (អាមេរិក), Stuttgart (អាល្លឺម៉ង់) និង Tokyo (ជប៉ុន)៖

ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026មិនមែនគ្រាន់តែជាការបង្ហាញរថយន្តធម្មតានោះទេ ប៉ុន្តែវាគឺជាការបង្អួតសាច់ដុំ។ ក្នុងរយៈពេលចំនួន 10 ថ្ងៃ ដែលមានរថយន្តចំនួនរហូតដល់ 1,451 គ្រឿងត្រូវបានដាក់បង្ហាញ រួមមានការសម្ពោធជាសកលចំនួន 181 ម៉ូដែល និងរថយន្តគំរូ 71គ្រឿង នៅលើផ្ទៃដីដែលធំជាង Frankfurt Auto Show ឆ្ងាយណាស់។ ក្រោមប្រធានបទ "អនាគតនៃបញ្ញា" សារដែលបង្កប់ន័យគឺ៖ ចិនលែងដេញតាមគេទៀតហើយ ប៉ុន្តែចិនគឺជាអ្នកដឹកនាំឧស្សាហកម្មរថយន្តពិភពលោកតែម្តង។

1. Xiaomi បង្ហាញរថយន្ត Hypercar កម្លាំង 1,900 សេះ


ក្រុមហ៊ុនទូរស័ព្ទដែលធ្លាប់ធ្វើឱ្យ រថយន្ត Porsche ខ្មាសគេនៅលើទីលានប្រណាំង បានបញ្ចេញ Xiaomi Vision Gran Turismo។ វាមានកម្លាំងជិត 1,900 សេះ និងរូបរាងដ៏អស្ចារ្យ។ ទោះបីជាវាមិនផលិតលក់ទ្រង់ទ្រាយធំ ក៏វាជាសាររំលឹកថា ក្នុងរយៈពេលត្រឹមតែ 5 ឆ្នាំ Xiaomi បានវិវត្តន៍ខ្លួនពីអ្នកលក់កាសត្រចៀក មកជាអ្នករចនារថយន្តដែលអាចប្រកួតជាមួយ Ferrari បាន។

2. BYD ទទួលបានការកុម្ម៉ង់ 3,000 គ្រឿង ក្នុងរយៈពេល 24 ម៉ោង


រថយន្ត SUV ខ្នាតធំ Great Tang របស់ BYD បានបើកការលក់សាកល្បងក្នុងតម្លៃប្រហែល 36,000 ទៅ 46,000 ដុល្លារ។ ក្នុងរយៈពេលត្រឹម 1 ថ្ងៃ មានអ្នកកក់ដល់ទៅ 30,000 នាក់។ នេះគឺជារថយន្តអគ្គិសនីខ្នាតធំដែលមានកៅអី 3 ជួរ បច្ចេកវិទ្យាអាគុយជំនាន់ទី 2 និងអាចរត់បានចម្ងាយរហូតដល់ 950 គីឡូម៉ែត្រ។

3. Leapmotor បង្កើតរថយន្ត Hybrid ដែលមានអាគុយធំជាងឡានអគ្គិសនីខ្លះ


ម៉ូដែល D19 របស់ Leapmotor គឺជា SUV ខ្នាតធំប្រភេទ EREV ដែលបំពាក់អាគុយដល់ទៅ 80.3 kWh អាចរត់ដោយអគ្គិសនីសុទ្ធបាន 500 គីឡូម៉ែត្រ។ នេះមិនមែនគ្រាន់តែជាឡាន Hybrid ធម្មតាទេ ប៉ុន្តែវាគឺជាឡានអគ្គិសនីដែលមានម៉ាស៊ីនសាំងសម្រាប់សាកថ្មតាមខ្លួន។

4. Yangwang U9 Xtreme ក្លាយជារថយន្តផលិតលក់ដែលលឿនបំផុតលើលោក


ម៉ាកលំដាប់ខ្ពស់របស់ BYD បានបញ្ចេញ U9 Xtreme កម្លាំងជាង 3,000 សេះ។ វាបានបំបែកកំណត់ត្រាល្បឿនអតិបរមា 496.22 គីឡូម៉ែត្រ/ម៉ោង ដែលលឿនជាង Bugatti Chiron និង Koenigsegg ទៅទៀត។ នេះជារថយន្តដែលអ្នកអាចទិញយកមកបើកបរបានពិតៗ។

5. CATL បង្ហាញរថយន្តហោះ និងអាគុយដែលធន់នឹងភាពត្រជាក់ -50 អង្សាសេ


ក្រុមហ៊ុនផ្គត់ផ្គង់អាគុយធំបំផុតលើលោក បានដាក់បង្ហាញរថយន្តហោះគំរូ និងអាគុយ Naxtra ដែលអាចដំណើរការក្នុងសីតុណ្ហភាពដក 50 អង្សាសេ។ នេះបង្ហាញថាអនាគតនៃយានយន្តមិនត្រឹមតែដើរដោយអគ្គិសនីទេ ប៉ុន្តែថែមទាំងអាចហោះហើរបានទៀតផង។

6. Xpeng បញ្ចេញគូប្រជែង Range Rover ក្នុងតម្លៃត្រឹមតែ 57,000 ដុល្លារ


Xpeng GX ជារថយន្ត SUV ខ្នាតធំ 6 កៅអី ដែលបំពាក់បន្ទះឈីប AI ដ៏ខ្លាំងក្លា និងប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតទី 4 (L4)Xpeng ក៏បានបង្ហាញមនុស្សយន្ត IRON និងរថយន្តហោះ "Land Aircraft Carrier" ក្នុងពេលតែមួយផងដែរ។

7. Avatr 06T: រថយន្ត Wagon 955 សេះ តម្លៃក្រោម 42,000 ដុល្លារ


នេះគឺជាការរួមមហាសម្រាំងរវាង Changan, Huawei និង CATL។ ម៉ូដែល 06T គឺជាឡាន Wagon ស្ព័រដែលមានកម្លាំងដល់ទៅ 955 សេះ ស្ទុះពី 0-100 ក្នុងពេល 2.78 វិនាទី (លឿនជាង Supercar) ប៉ុន្តែមានតម្លៃធូរថ្លៃជាង BMW M5 Touring ឆ្ងាយណាស់។

8. Deepal បញ្ចេញឡាន 3 ម៉ូដែលក្នុងពេលតែមួយ


ម៉ាកបុត្រសម្ព័ន្ធរបស់ Changan បានបញ្ចេញឡាន Sedan L06 ដែលអាចរត់បានចម្ងាយសរុបដល់ទៅ 1,505 គីឡូម៉ែត្រ និងឡាន Off-road G318 ដែលមានបំពាក់ភ្លើងហ្វាកំពូលដំបូលដែលអាចបំភ្លឺផ្ទៃដីបាន 250 ម៉ែត្រការ៉េ។

9. GWM បង្កើតម៉ាស៊ីន V8 Twin-turbo សម្រាប់ទីផ្សារអូស្ត្រាលី


ក្នុងពេលដែលក្រុមហ៊ុនជប៉ុនដូចជា Toyota និង Nissan កំពុងបោះបង់ម៉ាស៊ីន V8 ក្រុមហ៊ុន GWM បែរជាបង្កើតម៉ាស៊ីន V8 4.0 លីត្រ Twin-turbo ថ្មីស្រឡាងសម្រាប់ម៉ូដែល Tank 700 ដើម្បីវាយលុកទីផ្សារក្រៅប្រទេស ជាពិសេសអូស្ត្រាលី និងនូវែលសេឡង់។

10. Chery បង្កើត SUV ដែលអាចបំប្លែងខ្លួនជាឡាន Pickup បាន


Chery Tiggo V គឺជា SUV គ្រួសារកៅអី 3 ជួរ ដែលមានដំបូលផ្នែកខាងក្រោយអាចដកចេញបាន ដើម្បីក្លាយជាឡានដឹកទំនិញ (Ute)។ វាអាចផ្លាស់ប្តូររូបរាងបានដល់ទៅ 6 បែប ដែលជានិមិត្តរូបនៃភាពច្នៃប្រឌិតបំផុតក្នុងពិព័រណ៍នេះ។

ការសន្និដ្ឋានពី Arena Cambodia Auto: ពិព័រណ៍ប៉េកាំងឆ្នាំ 2026 មិនមែនគ្រាន់តែជារឿងឡាននោះទេ ប៉ុន្តែវាជារឿងរបស់អ្នកណាដែលគ្រប់គ្រងបច្ចេកវិទ្យាធ្វើដំណើរក្នុងទសវត្សរ៍ក្រោយ។ ខណៈដែលឡានចិនកាន់តែមានកម្លាំងខ្លាំង បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ ក្រុមហ៊ុនអឺរ៉ុប និងជប៉ុនហាក់បីដូចជា "ភ្ញៀវដែលចូលរួមក្នុងពិធីជប់លៀងរបស់អ្នកដទៃ" តែប៉ុណ្ណោះ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)